ដោយសារមានការឆ្លើយតបយ៉ាងផុសផុល អ្នករៀបចំការតាំងពិព័រណ៍សិល្បៈសហសម័យ «Phnom Penh Contemporary» លើកដំបូង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បានប្រកាសពន្យារពេលតាំងពិព័រណ៍ ដោយសាធារណជនអាចចូលទស្សនាដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា (ថ្ងៃសៅរ៍នេះ)។


ការតាំងពិព័រណ៍នេះ ផ្តួចផ្តើមឡើងដោយមូលនិធិ Anicca (Anicca Foundation) ដោយទទួលបានការលើកទឹកចិត្តដ៏ថ្លៃថ្លាពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលរៀបចំឡើងស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ការតាំងពិព័រណ៍នេះបានប្រមូលផ្តុំវិចិត្រករសិល្បៈសហសម័យកម្ពុជាល្បីៗ និងវិចិត្រករជំនាន់ថ្មីជាងដប់រូប ដើម្បីបង្ហាញពីភាពទាក់ទាញប្លែកនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណីខ្មែរ និងទីក្រុងទំនើប តាមរយៈគំនូរ ចម្លាក់ សិល្បៈដំឡើង (installation) និងលំហសិល្បៈដ៏ពិសិដ្ឋរបស់ជនជាតិដើមភាគតិច ដែលកម្រឃើញ។


ការតាំងពិព័រណ៍នេះ ប្រព្រឹត្តទៅនៅបរិវេណសាលាចាស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ដែលមានប្រវត្តិមួយសតវត្សរ៍ ស្ថិតនៅខាងក្រោយសារមន្ទីរជាតិ ដែលលំហស្ថាបត្យកម្មបុរាណ និងស្នាដៃសិល្បៈសហសម័យបែបច្នៃប្រឌិតថ្មី បានបង្កើតជាការសន្ទនាដ៏អស្ចារ្យមួយ។








