(អឺរ៉ុប)៖ យុវជនជាច្រើននៅតាមបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាចេញធ្វើបាតុកម្មនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ រួមមានការកើនឡើងនៃថ្លៃរស់នៅ ការចំណាយលើវិស័យយោធា និងវិបត្តិអាកាសធាតុ។ ការតវ៉ានេះបានកើតឡើងនៅក្នុងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស និងចក្រភពអង់គ្លេស ដោយមានអ្នកចូលរួមកាន់បដាទាមទារឱ្យមានការផ្លាស់ប្តូរ និងបង្ហាញការមិនពេញចិត្តចំពោះការដែលមេដឹកនាំហាក់មិនសូវយកចិត្តទុកដាក់លើសំឡេងរបស់យុវជន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។


បាតុកម្មទាំងនេះត្រូវបានសហការរៀបចំដោយសម្ព័ន្ធយុវជនជាង៥០ក្រុម ដែលមានការទាមទារផ្សេងៗគ្នា ទៅតាមស្ថានភាពរបស់ប្រទេសនីមួយៗ ដូចជាការប្រឆាំងនឹងសង្គ្រាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បញ្ហាតម្លៃជួលផ្ទះខ្ពស់ និងការធ្លាក់ចុះនៃគុណភាពអប់រំ ព្រមទាំងសេវាសាធារណៈ។ ទោះបីមានការទាមទារផ្សេងៗគ្នាក៏ដោយ ក្រុមបាតុករមានគោលបំណងរួម គឺចង់ឱ្យរដ្ឋាភិបាលផ្តល់អាទិភាពកាន់តែច្រើនដល់សុខុមាលភាព និងអនាគតរបស់មនុស្សជំនាន់ក្រោយ។ យុវតីអាយុ១៨ឆ្នាំ Olivia Ferrario ដែលចូលរួមបាតុកម្មនៅទីក្រុង Milan ប្រទេសអ៉ីតាលី បានលើកឡើងថា យុវជនមិនអាចនៅស្ងៀមបានទេ ប្រសិនបើរដ្ឋាភិបាលមិនព្រមស្តាប់ក្តីកង្វល់របស់ពួកគេ។


ជាមួយគ្នានេះ អាជ្ញាធរបានដាក់ពង្រាយកម្លាំងប៉ូលិសក្នុងចំនួនច្រើន ដើម្បីការពារសន្តិសុខ និងទប់ស្កាត់ហានិភ័យនៃអំពើហិង្សា ដូចដែលធ្លាប់កើតមានក្នុងបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំង និងប្រទេសមួយចំនួនផ្សេងទៀត។ ការតវ៉ានៅទូទាំងអឺរ៉ុបលើកនេះ ក៏ត្រូវបានជំរុញដោយរលកបាតុកម្មដ៏ខ្លាំងក្លានៅប្រទេសបារាំង កាលពីអំឡុងខែកញ្ញា និងខែតុលាកន្លងទៅផងដែរ៕








