ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០៣កន្លែងផ្សេងគ្នា និងឃាត់ខ្លួនជនបរទេសសរុបចំនួន ១១នាក់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។


ជាក់ស្តែង កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះឆែកឆេរទីតាំងចំនួន ០៣កន្លែង (ផ្ទះវីឡា, ផ្ទះល្វែង និងខុនដូ) ដែលស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។


ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេសសង្ស័យសរុបចំនួន ១១នាក់ (ស្រី ០១នាក់) ជនជាតិចិន ចំនួន ០៤នាក់ (ប្រុស) ជនជាតិឥណ្ឌា ចំនួន ០១នាក់ (ប្រុស)ជនជាតិប៉ាគីស្ថាន ចំនួន ០៦នាក់ (ស្រី ០១នាក់) ព្រមជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ១៨គ្រឿង ទូរសព្ទសម្រាប់ប្រើប្រាស់តាមប្រព័ន្ធអនឡាញ (Online) ចំនួន ២០គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ០៨គ្រឿង លិខិតឆ្លងដែន ចំនួន ០៨ក្បាលនិង បណ្ណការងារ ចំនួន ០១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម









