ក្រសួងបរិស្ថានបានចេញសេចក្តីបញ្ជាក់ជាផ្លូវការថា គុណភាពទឹកនៃទន្លេមេគង្គកម្ពុជា—ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាប្រភពទឹកប្រើប្រាស់ដ៏សំខាន់សម្រាប់ពលរដ្ឋរាប់លាននាក់—ស្ថិតក្នុងកម្រិត «ល្អ» និង «ល្អណាស់» ដោយមិនមានវត្តមានសារធាតុលោហៈធ្ងន់បង្កគ្រោះថ្នាក់ ឬការបំពុលគួរឱ្យកត់សម្គាល់ណាមួយឡើយ។ការចុះសិក្សា និងយកសំណាកទឹក ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៦ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ៧ ដើម្បីប្រមូលសំណាកទឹកសរុបចំនួន ១១០ សំណាក ពីទីតាំងគោលដៅចំនួន ១១ កន្លែង តាមបណ្តោយទន្លេមេគង្គ។


ចំណុចសំខាន់ពីលទ្ធផលវិភាគ គ្មានសារធាតុលោហៈធ្ងន់ ការវិភាគបច្ចេកទេសនៅគ្រប់ទីតាំងទាំង ១១ មិនបានរកឃើញសារធាតុគ្រោះថ្នាក់រួមមាន កាត់ម្ញូម (Cd) ក្រូមវ៉ាឡង់៦ (Cr+6) សំណ (Pb) បារ៉តសរុប (Hg) អាសេនិច (As) ទង់ដែង (Cu) និង នីកែល (Ni) នោះទេ។កម្រិត «ល្អណាស់» (ពិន្ទុ ៩៧,៥ – ៩៨,៩)៖ គ្របដណ្តប់ ២ ទីតាំង (១៨,១៨%) គឺតំបន់ព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង) និងពាមជរ (ខេត្តព្រៃវែង)។


កម្រិត «ល្អ» (ពិន្ទុ ៩៣,៥ – ៩៤,៩)៖ គ្របដណ្តប់ ៩ ទីតាំង (៨១,៨២%) រួមមាន ក្រុងក្រចេះ និងកាំពី (ខេត្តក្រចេះ) ស្ពានកោះប៉ែន បឹងកុក និងគីហ្សូណា (ខេត្តកំពង់ចាម) ក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) ជ្រោយចង្វារ (រាជធានីភ្នំពេញ) កំពង់ចម្លងផ្លូវត្រី (ខេត្តកណ្តាល) និងអ្នកលឿង (ខេត្តព្រៃវែង)។ សេចក្តីសន្និដ្ឋានរួម៖ គុណភាពទឹកតាមបណ្តោយទន្លេមេគង្គកម្ពុជា ពុំទទួលរងការបំពុលពីប្រភពដែលនៅជិត ឬតាមដងទន្លេនោះឡើយ៕ ដោយ៖ ប៉ៃ សុឃីម






