កំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននិងកំពុងលេចចេញជារូបរាងបណ្ដើរៗហើយ តាមដំណាក់កាលជាជំហានៗនៃគម្រោងទាំងមូល។ គម្រោងកំពង់ផែពហុបំណងនេះ មានទំហំទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់ការដឹកជញ្ជូនផ្លូវទឹក ការផ្ទេរទំនិញ និងកសិផលផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល និងចំណេញថ្លៃដើម។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមជម្រាបថា ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់គាំទ្រសំខាន់ៗ ជាពិសេសគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងតាមដងទន្លេមេគង្គ ដែលត្រូវបានរំពឹងថានឹងក្លាយជាច្រករបៀងដឹកជញ្ជូនដ៏មានសារៈសំខាន់សម្រាប់ខេត្តក្រចេះ និងតំបន់ភូមិភាគឦសានទាំងមូល។

វត្តមាននៃគម្រោងកំពង់ផែ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែជួយផ្លាស់ប្តូរមុខមាត់ថ្មីដល់ស្រុកព្រែកប្រសព្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះឱ្យកាន់តែប្រសើរឡើងថែមទៀត៕ ដោយ៖ ស្រីពី







