បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានសប្តាហ៍ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនសារជាថ្មី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ទៅលើមូលដ្ឋានយោធានៃក្រុមនាវាចម្បាំងទី៥ របស់អាម៉េរិក រួមទាំងទីតាំងមូលដ្ឋានទ័ព Al-Riffa និង Awali លើទឹកដីប្រទេសបារ៉ែន។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដើម្បីសងសឹកចំពោះការឈ្លានពាន និងការរំលោភបំពានម្តងហើយម្តងទៀតលើដែនអាកាសអ៊ីរ៉ង់ ខណៈការវាយប្រហារនេះបានបង្កឱ្យមានការឆាបឆេះ និងខូចខាតដល់ទីតាំងឧស្សាហកម្មមួយកន្លែងនៅបារ៉ែន។


ឆ្លើយតបនឹងហេតុការណ៍នេះ យោធាបារ៉ែនបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ការវាយប្រហារមួយចំនួន ប៉ុន្តែអំបែងគ្រាប់បានធ្លាក់បង្កការខូចខាតសម្ភារៈ ដោយពុំមានអ្នកស្លាប់ ឬរងរបួសឡើយ។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃបារ៉ែនបានចេញសេចក្តីប្រកាសអាសន្នដល់ពលរដ្ឋឱ្យជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជិតបំផុតរហូតដល់ទៅពីរលើក ដែលឆ្លុះបញ្ចាំងពីភាពតានតឹងនៅតំបន់ឈូងសមុទ្រ ដែលរដ្ឋអារ៉ាប់នានាកំពុងរងការវាយប្រហារជាបន្តបន្ទាប់ពីទីក្រុងតេអេរ៉ង់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។
ដោយឡែក ពាក់ព័ន្ធនឹងការអះអាងរបស់អ៊ីរ៉ង់ដែលថាខ្លួនបានបាញ់មីស៊ីលទម្លាក់យន្តហោះចម្បាំង F-16 របស់អាម៉េរិក ខណៈកំពុងប្រតិបត្តិការចូលដែនអាកាសអ៊ីរ៉ង់នោះ បញ្ជាការដ្ឋានយោធាកណ្ដាលអាម៉េរិក បានចេញសេចក្ដីថ្លែងការណ៍បដិសេធទាំងស្រុង។ ភាគីអាម៉េរិកបានអះអាងថា អ៊ីរ៉ង់មិនបានវាយប្រហារយន្តហោះ F-16 កាលពីម្សិលមិញនោះទេ ហើយយន្តហោះចម្បាំងទាំងអស់របស់ខ្លួននៅមជ្ឈិមបូព៌ាគឺមានសុវត្ថិភាពពេញលេញ៕
ដោយ៖ ស្រីពី







