ដើម្បីអបអរសាទរបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នឹងរៀបចំកម្មវិធី «សប្តាហ៍បេតិកភណ្ឌពិភពលោកកម្ពុជា» នៅសៀមរាប ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ដោយបង្ហាញជូនសាធារណជនដោយឥតគិតថ្លៃនូវសិល្បៈប្រពៃណីចំនួនបី គឺល្ខោនស្បែកធំ ក្បាច់គុនល្បុក្កតោ និងល្ខោនខោលវត្តស្វាយអណ្ដែត។
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានឱ្យដឹងថា សិល្បៈទាំងនេះជា «ប្រពៃណីរស់» ដែលផ្ទុកនូវប្រវត្តិសាស្ត្រ ជំនាញ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។ កម្មវិធីនេះមានគោលបំណងនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែខិតជិតវប្បធម៌ខ្មែរ និងគាំទ្រសិល្បករ និងសហគមន៍ដែលកំពុងបន្តថែរក្សាប្រពៃណីទាំងនេះ។
កម្មវិធីនឹងបើកឆាកនៅម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ដោយការសម្ដែងល្ខោនស្បែកធំនៅមាត់ស្ទឹងសៀមរាប។ ល្ខោនស្បែកធំរួមបញ្ចូលចលនាតុក្កតាស្បែកឆ្លាក់ តន្ត្រី និងការនិទាន ដើម្បីសម្ដែងរឿងរ៉ាវពីរឿងរាមកេរ្តិ៍លើវាំងននពណ៌ស។ តាមប្រពៃណី ការសម្ដែងធ្វើឡើងនៅពេលយប់ ពន្លឺភ្លើងចាំងកាត់វាំងននបង្កើតជាស្រមោលតុក្កតា ដោយមានវង់ភ្លេងអម និងអ្នកនិទានរៀបរាប់សាច់រឿង។ ការសម្ដែងបើកឆាកនេះក៏ដើម្បីរំលឹកដល់ការដែលអង្គការយូណេស្កូបានទទួលស្គាល់ល្ខោនស្បែកធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ផងដែរ។
នៅម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ការសម្ដែងក្បាច់គុនល្បុក្កតោនឹងធ្វើឡើងនៅជំរំដំរី។ ក្បាច់គុនខ្មែរបុរាណនេះ ដែលផ្អែកលើការត្រាប់តាមចលនារបស់សត្វ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្មវិធីនឹងបិទបញ្ចប់នៅម៉ោង៧យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ដោយការសម្ដែងល្ខោនខោលវត្តស្វាយអណ្ដែតលើស្ទឹងសៀមរាប។ ល្ខោនប្រភេទនេះមានប្រភពពីសហគមន៍មួយក្នុងខេត្តកណ្ដាល ហើយដកស្រង់សាច់រឿងពីវីរកថារបស់កម្ពុជា។ តួសម្ដែងទាំងអស់សុទ្ធតែជាបុរស ហើយក្រៅពីតួព្រះរាម និងព្រះលក្ស្មណ៍ តួទាំងអស់ពាក់របាំងមុខធ្វើពីក្រដាស។ តាមប្រពៃណី ល្ខោនខោលត្រូវបានសម្ដែងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីបួងសួងសុំសេចក្ដីសុខ និងសុភមង្គល។ ថ្ងៃនោះក៏ជាខួបនៃការដែលល្ខោនខោលវត្តស្វាយអណ្ដែតត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៨ ផងដែរ។
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានឱ្យដឹងថា កម្មវិធីនេះក៏នឹងបង្ហាញពីជីវិតវប្បធម៌ដ៏សម្បូរបែបរបស់សៀមរាប និងបទពិសោធន៍ទេសចរណ៍ចម្រុះពេញមួយឆ្នាំ ព្រមទាំងបន្ថែមសកម្មភាពវប្បធម៌ពេលរាត្រីសម្រាប់ភ្ញៀវទេសចរ។







