រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៅកែចិនមកកម្ពុជា តើចំណេញ ឬ ខាតពិតប្រាកដ?

Qiutian Linអានអត្ថបទដើម
ស្តាប់ព័ត៌មាន12:44

សេចក្តីសង្ខេប

នៅឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគ ៦៣០ ដោយទុនចិនលើសពាក់កណ្តាល។ ថៅកែចិនមួយចំនួនបានបង្កើតរោងចក្ររឹងមាំ ខណៈអ្នកខ្លះខាតបង់រាប់លានយន់។ អត្ថបទវិភាគមូលហេតុ៥ចំណុចដែលថៅកែចិននៅតែមកកម្ពុជា និងករណីរោងចក្រក្រវ៉ាត់កចាកចេញពីខេត្តជឺជាងនៃប្រទេសចិន ដែលខាតជាង៥លានយន់ក្នុងរយៈពេល៦ខែ។

ប្រសិនបើយើងចាត់ទុកកម្ពុជាជាល្បែងផ្គុំរូបឧស្សាហកម្មដែលកំពុងត្រូវបានកសាង ទុនចិនគឺជាផ្នែកសំខាន់មួយដែលត្រូវបានបំពេញចូលជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅឆ្នាំ២០២៤ រៀងរាល់ការវិនិយោគផ្ទាល់ពីបរទេសចំនួន២ដុល្លារដែលហូរចូលកម្ពុជា មានជាង១ដុល្លារមកពីប្រទេសចិន។

នៅឆ្នាំ២០២៥ កម្ពុជាទាំងមូលបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ ដោយទុនវិនិយោគគ្រោងទុកជិត ១០ ពាន់លានដុល្លារ និងរំពឹងថានឹងបង្កើតមុខរបរការងារប្រហែល ៤៣៨.០០០ កន្លែង។ ការវិនិយោគរបស់ចិនមានចំណែកលើសពាក់កណ្តាល។

នៅពីក្រោយតួលេខទាំងនេះ គឺជារោងចក្រថ្មីៗដែលកំពុងដុះឡើងជាបន្តបន្ទាប់ពី ក្រុងព្រះសីហនុ ទៅភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ព្រមទាំងថៅកែចិននៅពីក្រោយរោងចក្រទាំងនោះ។

ប៉ុន្តែការវិនិយោគគឺជារឿងមួយ រីឯការរកប្រាក់ចំណេញគឺជារឿងមួយទៀត។

មានអ្នកខ្លះធ្វើអាជីវកម្មនៅទីនេះជាងដប់ឆ្នាំមកហើយ ហើយបានបង្កើតរោងចក្រដែលមានបុគ្គលិករាប់រយនាក់ជាបន្តបន្ទាប់។

មានអ្នកខ្លះទើបដឹកជញ្ជូនបរិក្ខារចូលមកកម្ពុជា ប៉ុន្តែក្នុងរយៈពេល៦ខែ ក៏ខាតបង់ជាង ៥លានយន់ទៅហើយ។

នៅមានសហគ្រាសខ្លះទៀតដោយសារការបញ្ជាទិញថមថយ ការដឹកជញ្ជូនជួបឧបសគ្គ បង្ខំចិត្តបិទរោងចក្រ និងចាកចេញ។

ដូចគ្នាតែមកធ្វើជំនួញនៅកម្ពុជា ហេតុអ្វីបានជាអ្នកខ្លះអាចឈរជើងបាន ខណៈដែលអ្នកខ្លះទៀតត្រូវបង់ប្រាក់សិក្សាដ៏ថ្លៃថ្លា?

១. ហេតុអ្វីបានជាថៅកែចិននៅតែមកកម្ពុជា?

ចម្លើយមិនមែនត្រឹមតែថាថ្លៃឈ្នួលការងារថោកនោះទេ។

នៅពីក្រោយសហគ្រាសចិនជាច្រើនក្រុមដែលចុះមកខាងត្បូងនេះ យ៉ាងហោចណាស់មានគណនីជំនួញ៥ផ្សេងៗគ្នា។

គណនីទីមួយ គណនីចំណាយ។ នៅឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ជាដើមនៅកម្ពុជា គឺ ២១០ដុល្លារ។ សម្រាប់សហគ្រាសដែលប្រើកម្លាំងពលកម្មច្រើន ថ្លៃឈ្នួលការងារដែលទាបបន្តិចនៅតែមានភាពទាក់ទាញ។

គណនីទីពីរ គណនីការបញ្ជាទិញ។ ការផ្លាស់ប្តូរនៃគំរូពាណិជ្ជកម្មអន្តរជាតិ អតិថិជនអឺរ៉ុប និងអាមេរិកមួយចំនួនបានតម្រូវឱ្យអ្នកផ្គត់ផ្គង់រៀបចំសមត្ថភាពផលិតនៅក្រៅប្រទេសចិន។ ដើម្បីរក្សាការបញ្ជាទិញ សហគ្រាសចិនបង្ខំចិត្តត្រូវតាមចេញទៅក្រៅប្រទេស។

គណនីទីបី គណនីទីផ្សារ។ ការកសាងទីក្រុង ការប្រើប្រាស់ និងការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា បាននាំមកនូវតម្រូវការអាជីវកម្មថ្មី។ យោងតាមកាសែត «ឆាយជីង» អ្នកជំនួញចិនមួយចំនួនកំពុងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារសម្ភារៈសំណង់ ប្រព័ន្ធកម្តៅ-ខ្យល់ និងឧបករណ៍ភ្លើងនៅក្នុងស្រុក។

គណនីទីបួន គណនីគោលនយោបាយ។ កម្ពុជាផ្តល់អត្ថប្រយោជន៍ពន្ធដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និង RCEP ក៏បានផ្តល់ភាពងាយស្រួលដល់ពាណិជ្ជកម្មក្នុងតំបន់ផងដែរ។

គណនីទីប្រាំ គណនីខ្សែច្រវាក់ឧស្សាហកម្ម។ នៅពេលដែលរោងចក្រមកដល់ សហគ្រាសសេវាគាំទ្រដូចជា វេចខ្ចប់ គ្រឿងដែក ដឹកជញ្ជូន និងជួសជុលបរិក្ខារ ក៏ចាប់ផ្តើមតាមមកដែរ។ សម្រាប់អ្នកផ្គត់ផ្គង់ចិនមួយចំនួន អតិថិជននៅទីណា ជំនួញក៏ត្រូវធ្វើទៅទីនោះដែរ។

មានអ្នកខ្លះមកដើម្បីសន្សំសំចៃ មានអ្នកខ្លះមកដើម្បីការបញ្ជាទិញ មានអ្នកខ្លះមករកទីផ្សារថ្មី ហើយក៏មានអ្នកខ្លះមកតាមខ្សែច្រវាក់ឧស្សាហកម្មផងដែរ។

ប៉ុន្តែឱកាសមិនស្មើនឹងប្រាក់ចំណេញទេ។ គណនីដែលថៅកែចិនបានគណនាទុកមុននឹងចេញទៅក្រៅប្រទេស មកដល់កម្ពុជា អាចនឹងគណនាមិនបានដូចដែលបានរំពឹងទុក។

 

២. ខាតបង់ ៥លានយន់ក្នុងរយៈពេល៦ខែ ហេតុអ្វីបានជាឈ្នួលការងារថោកមិនអាចសន្សំប្រាក់បាន?

នៅឆ្នាំ២០២៥ សហគ្រាសផលិតក្រវ៉ាត់កមួយដែលមានដំណើរការអាជីវកម្មអស់រយៈពេល ២៥ ឆ្នាំ នៅក្រុងសឹងចូវ ខេត្តជឺជាង បានសម្រេចចិត្តមកបង្កើតរោងចក្រនៅកម្ពុជា ដោយមានការជំរុញពីអតិថិជនអឺរ៉ុប និងអាមេរិក។ ដើមឡើយ សហគ្រាសនេះមានគម្រោងប្រើប្រាស់ឈ្នួលការងារដែលទាបបន្តិចនៅក្នុងស្រុក ប៉ុន្តែមិននឹកស្មានដល់ថា ក្នុងរយៈពេល៦ខែ បានខាតបង់ជាង ៥លានយន់។

យោងតាមការសម្ភាសន៍ប្រធានបទដែលបានចេញផ្សាយដោយសមាគមជំរុញពាណិជ្ជកម្មនៃខេត្តជឺជាងនៅឆ្នាំ២០២៦ លោក សៅ ឡុងហឺ អ្នកជំនាញពាណិជ្ជកម្មក្រៅប្រទេសដែលត្រូវបានសម្ភាសន៍ បានណែនាំថា បន្ទាប់ពីរោងចក្របានដំណើរការផលិតកម្មហើយ បញ្ហាបានកើតឡើងបន្តបន្ទាប់គ្នា។

ការផលិតក្រវ៉ាត់កទាមទារការងារដោយដៃប្រកបដោយភាពល្អិតល្អន់ បុគ្គលិកទើបជ្រើសរើសខ្វះបទពិសោធន៍ ប្រសិទ្ធភាពផលិតកម្មទាបជាងកម្មករជំនាញនៅប្រទេសចិន អត្រាបាត់បង់សម្ភារៈ និងអត្រាផលិតផលមិនមានគុណភាពក៏ខ្ពស់ជាងអ្វីដែលបានរំពឹងទុក។ រួមជាមួយបញ្ហាការអនុលោមតាមច្បាប់ការងារ ការគ្រប់គ្រង និងសេវាគាំទ្រការផលិត ចំណាយពិតប្រាកដកើនឡើងឥតឈប់ឈរ។

អ្វីដែលធ្វើឱ្យសហគ្រាសកាន់តែមិននឹកស្មានដល់ គឺអតិថិជនបានទាមទារឱ្យបញ្ចុះថ្លៃផលិតផល ៥% ដោយលើកហេតុផលថាឈ្នួលការងារនៅកម្ពុជាថោក។

ឈ្នួលការងារដែលបានសន្សំ មិនអាចបំពេញបន្ថែមលើចំណាយផលិតកម្មដែលបានកើនឡើងនោះទេ។ ទីបំផុត រោងចក្របានខាតបង់ជាង ៥លានយន់ក្នុងរយៈពេល៦ខែ និងត្រូវបង្ខំចិត្តបញ្ឈប់ផលិតកម្ម និងផ្ទេរកម្មសិទ្ធិ។

ករណីនេះមកពីការនិទានរបស់អ្នកជំនាញអំពីបទពិសោធន៍របស់សហគ្រាសដែលមិនបញ្ចេញឈ្មោះ ការខាតបង់ហិរញ្ញវត្ថុជាក់លាក់មិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននៅឡើយ ប៉ុន្តែវាបានបង្ហាញពីបញ្ហាដ៏លំបាកមួយនៃការចាកចេញទៅក្រៅប្រទេសរបស់ឧស្សាហកម្មផលិតកម្ម៖

នៅក្នុងប្រទេសចិន កម្មករជំនាញ វត្ថុធាតុដើម ការជួសជុលបរិក្ខារ និងអ្នកផ្គត់ផ្គង់ខ្សែខាងលើ ខាងក្រោម តែងតែនៅជិតៗគ្នា។ តែមកដល់កម្ពុជា លក្ខខណ្ឌទាំងនេះមិនប្រាកដថាអាចមានគ្រប់គ្នាក្នុងពេលតែមួយនោះទេ។

ប្រាក់ឈ្នួលថោក មិនមានន័យថាការចំណាយលើការផលិតទាបនោះទេ។

ក្រៅពីការចំណាយ និងខ្សែច្រវាក់ផ្គត់ផ្គង់ ការគ្រប់គ្រងកម្មករក្នុងស្រុក ក៏ជាវិញ្ញាសាមួយទៀតដែលសហគ្រាសចិនត្រូវប្រឈមមុខផងដែរ។

៣. ថៅកែចិន និងកម្មករកម្ពុជា កំពុងសម្របខ្លួនទៅវិញទៅមក

ម៉ាស៊ីនអាចដឹកពីប្រទេសចិនមកបាន ប៉ុន្តែវិធីគ្រប់គ្រងរបស់រោងចក្រចិន មិនប្រាកដជាអាចដឹកចុះមកកម្ពុជាដោយមិនផ្លាស់ប្ដូរបានឡើយ។

តើគិតប្រាក់ឈ្នួលយ៉ាងដូចម្ដេច? រៀបចំការធ្វើការលើសម៉ោងយ៉ាងដូចម្ដេច? កម្មករមានសិទ្ធិអ្វីខ្លះ? រឿងតូចៗដែលមើលទៅហាក់ដូចជាគ្មានសារៈសំខាន់ទាំងនេះ អាចប៉ះពាល់ដោយផ្ទាល់ដល់ការផលិតរបស់រោងចក្រមួយ។

នៅឆ្នាំ២០២៥ គម្រោង "រោងចក្រល្អប្រសើរនៅកម្ពុជា" បានធ្វើការវាយតម្លៃលើការអនុលោមតាមច្បាប់ចំពោះរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប និងសម្ភារៈធ្វើដំណើរចំនួន ៥១៧ រោងចក្រ ដែលផ្តោតសំខាន់លើប្រាក់ឈ្នួល ម៉ោងធ្វើការ សុវត្ថិភាពការងារ និងសិទ្ធិសហជីព។

សម្រាប់ថៅកែចិន ត្រូវតែទាំងទទួលបានប្រសិទ្ធភាពផលិត ទាំងដោះស្រាយទំនាក់ទំនងកម្មករបានល្អ។ គណនីគ្រប់គ្រងនេះ ពេលខ្លះគណនាពិបាកជាងគណនីប្រាក់ឈ្នួលទៅទៀត។

សហគ្រាសខ្លះ ត្រូវចំណាយពេលជាងដប់ឆ្នាំ ទើបបណ្ដើរៗសន្សំបទពិសោធន៍បាន។

យោងតាមការរាយការណ៍របស់កាសែត "ប្រជាជនប្រចាំថ្ងៃ" ក្នុងខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតសម្ភារៈវេជ្ជសាស្ត្រ 3L ដែលបានតាំងទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងឆ្នាំ២០១៣ បច្ចុប្បន្នមាននិយោជិកប្រហែល ៦០០ នាក់ ក្នុងនោះជនជាតិកម្ពុជាមានជាងកៅសិបភាគរយ។ តាមរយៈការបណ្ដុះបណ្ដាល និងការបញ្ជូនទៅសិក្សានៅប្រទេសចិន កម្មករធម្មតាខ្លះ បានរីកចម្រើនឡើងបន្ដិចម្ដងៗក្លាយជាប្រធានត្រួតពិនិត្យគុណភាព និងអ្នកគ្រប់គ្រងផ្នែកផលិតកម្ម។

នេះមិនអាចបង្ហាញដោយផ្ទាល់ថាសហគ្រាសរកបានលុយប៉ុន្មាននោះទេ ប៉ុន្តែធ្វើឲ្យមនុស្សយល់ឃើញថា ក្រៅពីទុន និងឧបករណ៍ ការប្រកបអាជីវកម្មរយៈពេលវែង នៅត្រូវចំណាយពេលបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។

រោងចក្រអាចផ្លាស់ទីបាន ឧបករណ៍អាចទិញបាន ប៉ុន្តែកម្មករជំនាញ និងទំនុកចិត្តទៅវិញទៅមក មិនអាចបង្កើតបានក្នុងមួយយប់ទេ។

ការផ្លាស់ទីរោងចក្រចេញពីប្រទេសគឺងាយស្រួល ប៉ុន្តែការធ្វើឲ្យដួងចិត្តមនុស្សនៅជាប់ជាមួយខ្លួន គឺពិបាកណាស់។

៤. មានអ្នកចាកចេញ ក៏មានអ្នកជ្រាបចុះឫសជាងដប់ឆ្នាំ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាបង្អួចមួយសម្រាប់សង្កេតមើលការផ្លាស់ប្ដូរឧស្សាហកម្មនេះ។

កាលពីម្ភៃឆ្នាំមុន មូលដ្ឋានឧស្សាហកម្មនៅទីនេះខ្សោយ ទាំងផ្លូវថ្នល់ អគ្គិសនី រោងចក្រ និងសមាសភាគគាំទ្រនានា សុទ្ធតែត្រូវកសាងជាបន្តបន្ទាប់។

មកដល់ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចនេះបានទាក់ទាញសហគ្រាសជាង ២០០ មកវិនិយោគ ផ្ដល់មុខរបរអោយកម្មករជាច្រើនម៉ឺននាក់។ សម្លៀកបំពាក់ កាបូប សម្ភារៈវេជ្ជសាស្ត្រ និងឧស្សាហកម្មផលិតដទៃទៀត បានប្រមូលផ្តុំគ្នានៅទីនេះបន្ដិចម្តងៗ។

ក្នុងចំណោមអ្នកធ្វើអាជីវកម្មនៅក្រុងព្រះសីហនុដូចគ្នា មានអ្នកចង់រកលុយរហ័ស ក៏មានអ្នកប្រកបអាជីវកម្មជាងដប់ឆ្នាំមកហើយ។

ប៉ុន្តែនៅចុងម្ខាងទៀតនៃប្រទេសកម្ពុជា រោងចក្រខ្លះមិនអាចនៅរស់បានទេ។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ រោងចក្រកាត់ដេរវិនិយោគដោយចិនមួយបានបញ្ឈប់ដំណើរការ។

យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក្រុមហ៊ុនកាត់ដេរ Meili បានបិទទ្វារដោយសារសម្ពាធច្រើនយ៉ាង រួមមានការបញ្ជាទិញថយចុះ ការលំបាកផ្នែកហិរញ្ញវត្ថុ និងការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលប៉ះពាល់ដល់កម្មករប្រហែល ៧០០ នាក់។

 

ខុសពីសហគ្រាសផលិតក្រវ៉ាត់កនៅខេត្តជឺជាងដែលបានលើកឡើងខាងលើ ដែលខាតបង់ ៥ លានយន់ក្នុងរយៈពេលកន្លះឆ្នាំ រោងចក្រនេះមិនត្រឹមតែត្រូវទប់ទល់នឹងសម្ពាធនៃការប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងជួបប្រទះនឹងការប៉ះពាល់នៃការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៀតផង។

ម៉ាស៊ីនបានឈប់ដំណើរការ ការបញ្ជាទិញបានបាត់ ចំពោះថៅកែគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរ ហើយចំពោះកម្មករ គឺទាក់ទងនឹងជីវភាពរស់នៅ។

មានអ្នកខ្លះអាចឈរជើងបាននៅទីនេះ ហើយមានអ្នកខ្លះត្រូវចាកចេញទាំងសោកសៅ។

អ្វីដែលសម្រេចជោគវាសនានៃរោងចក្រមួយ មិនត្រឹមតែទឹកប្រាក់ដែលថៅកែបានវិនិយោគដំបូងនោះទេ ថែមទាំងមានការបញ្ជាទិញ ការចំណាយ និងការប្រែប្រួលខាងក្រៅដែលមិនអាចព្យាករណ៍បានទាំងឡាយទៀតផង។

និយាយដោយសង្ខេប ការចេញទៅធ្វើអាជីវកម្មនៅក្រៅប្រទេស ត្រូវតែទាំងមានសមត្ថភាព ទាំងពឹងផ្អែកលើពេលវេលា។

៥. ថៅកែចិនជំនាន់ក្រោយ តើនៅអាចរកប្រាក់ចំណេញនៅកម្ពុជាបានទៀតដែរឬទេ?

មានអ្នកដកខ្លួនចេញ ក៏មានអ្នកបន្តភ្នាល់លើកម្ពុជាដែរ។

នៅខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន BYD បានចាប់ផ្តើមសាងសង់រោងចក្រផ្គុំរថយន្តនៅក្រុងព្រះសីហនុ ដោយមានផែនការផលិតកម្មប្រចាំឆ្នាំចំនួន ១ម៉ឺនគ្រឿង។ ដើមឆ្នាំ២០២៦ រថយន្ត BYD ដែលផ្គុំក្នុងស្រុកជាលើកដំបូងត្រូវបានដឹកជញ្ជូន។

ចាប់ពីម៉ាស៊ីនដេរ រហូតដល់ខ្សែសង្វាក់ផលិតរថយន្ត ផលិតកម្មចិនមានមុខមាត់ថ្មីនៅកម្ពុជា។

ប៉ុន្តែ ការផ្គុំរថយន្ត និងការកសាងឧស្សាហកម្មរថយន្ត គឺជារឿងពីរខុសគ្នា។

គ្រឿងបន្លាស់មកពីណា? កម្មករបច្ចេកទេសរកពីណា? សហគ្រាសលើខ្សែសង្វាក់ខាងលើ និងខាងក្រោម តើអាចតាមទាន់ឬអត់? សំណួរទាំងនេះ សុទ្ធតែជាគណនីចំណាយដែលវិនិយោគិនថ្មីៗមិនអាចគេចផុតបាន ហើយក៏ជាមេរៀនដែលកម្ពុជាត្រូវបំពេញក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មផងដែរ។

ហើយក្រៅពីរោងចក្រ ស្ថានភាពសេដ្ឋកិច្ចក៏មិនស្រួលឡើយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ល្បឿននៃកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកនៅ ៣% ក្នុងឆ្នាំ២០២៦។ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ តម្រូវការក្នុងស្រុកខ្សោយ រួមផ្សំនឹងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យទឹកដីវិនិយោគដ៏ក្តៅគគុកមួយនេះនៅតែពោរពេញដោយអថេរភាព។

រោងចក្រថ្មីនៅកំពុងសាងសង់ ប៉ុន្តែបញ្ហាចាស់ៗមិនទាន់ត្រូវបានដោះស្រាយទាំងអស់នៅឡើយទេ។

នៅខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងសហគ្រាសដែលមានដើមទុនចិន បានប្រារព្ធកិច្ចប្រជុំពិភាក្សាទៀងទាត់លើកទី១ ដែលនៅលើតុរបស់ភាគីទាំងពីរ មានបញ្ហាធំៗជាច្រើនដូចជា ពន្ធដារ គយ ឡូជីស្ទិក ថាមពល និងកម្លាំងពលកម្ម។

ចំពោះថៅកែចិន កម្ពុជានៅតែមានឱកាស ប៉ុន្តែកម្លាំងពលកម្មថោកមិនមែនមានន័យថាចំណាយទាបទេ ហើយអត្ថប្រយោជន៍វិនិយោគក៏មិនមែនមានន័យថាចំណេញប្រាកដដែរ។

ត្រលប់មកសំណួរដំបូង៖ ថៅកែចិនមកកម្ពុជា តើចំណេញ ឬខាត?

មានអ្នកខាតហើយដកខ្លួនចេញ មានអ្នកចាក់ឫសគល់ជាងដប់ឆ្នាំ ហើយក៏មានអ្នកដែលយកដើមទុន និងឧបករណ៍ថ្មីមកដល់ទៀតផង។ គ្មាននរណាម្នាក់អាចគណនាគណនីតែមួយដូចគ្នាជំនួសថៅកែចិនទាំងអស់បានឡើយ។

មានអ្នកភ្នាល់ត្រូវលើឱកាស មានអ្នកចាញ់នឹងអថេរភាព។ ប៉ុន្តែដើមទុនអាចមក និងទៅ ចំណែកកំណើននៃឧស្សាហកម្មវិញ ទាមទារពេលវេលា។

អ្វីដែលថៅកែចិនត្រូវគណនា គឺថាអាជីវកម្មអាចរកបានប្រាក់ចំណេញប៉ុន្មាន រីឯអ្វីដែលកម្ពុជាត្រូវឆ្លើយ គឺថា តើការវិនិយោគទាំងនេះនឹងបន្សល់ទុកនូវអ្វីពិតប្រាកដ។