នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ ក្នុងឱកាសថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ បរិយាកាសនៅតំបន់ប្រាសាទអង្គរវត្តមានភាពអ៊ូអរ និងស្រស់ស្អាត ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ចូលទស្សនា ថតរូបអនុស្សាវរីយ៍ និងស្វែងយល់ពីសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ព្រមទាំងតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ការមកទស្សនារបស់ភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះ មិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសក្ដានុពលទេសចរណ៍កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពបេតិកភណ្ឌវប្បធម៌ជាតិលើឆាកអន្តរជាតិផងដែរ។ ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបនៃអត្តសញ្ញាណជាតិ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅតែជាគោលដៅទេសចរណ៍ដ៏លេចធ្លោ និងជាទីមោទនភាពរបស់ប្រជាជនកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម











