នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីប្រភេទ Project 20380 Steregushchiy-class ឈ្មោះ Merkury បានរងការខូចខាតធ្ងន់ធ្ងររហូតលិចមួយចំហៀង នៅកំពង់ផែ Benghazi ប្រទេសលីប៊ី បន្ទាប់ពីត្រូវបានដ្រូនលើផ្ទៃទឹកបើកការវាយប្រហារកាលពីទៀបភ្លឺថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្នុងប្រតិបត្តិការវាយប្រហារនោះ ដ្រូនយ៉ាងតិច ៤គ្រឿងត្រូវបានស្ទាក់ចាប់បាន ប៉ុន្តែដ្រូន ២គ្រឿងទៀតបានបុកចំតួនាវា បណ្តាលឱ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈនាវាបំពាក់មីស៊ីលទំនើបមួយគ្រឿងនេះ កំពុងចូលចតចាក់ប្រេង និងផ្ទុកស្បៀង ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែនសមុទ្រជាមួយអាជ្ញាធរភាគខាងកើតប្រទេសលីប៊ី។
មកទល់ពេលនេះ ពុំទាន់មានភាគីណាមួយចេញមុខអះអាងទទួលខុសត្រូវ ឬធ្វើអត្ថាធិប្បាយជាផ្លូវការពីទីក្រុងមូស្គូ និងទីក្រុងកៀវនៅឡើយទេ ប៉ុន្តែប្រភពយោធាលីប៊ីបានចោទប្រកាន់ថា នេះជាប្រតិបត្តិការរបស់កងកម្លាំងអ៊ុយក្រែន ចេញពីមូលដ្ឋានមួយនៅភាគខាងលិចប្រទេសលីប៊ី។ ជាការឆ្លើយតប រដ្ឋបាលភាគខាងកើតលីប៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរំលោភអធិបតេយ្យភាពនេះ និងបានបើកការស៊ើបអង្កេតរួមគ្នាជាមួយភាគីរុស្ស៊ីរួចរាល់ហើយ។
គួរកត់សម្គាល់ថា ហេតុការណ៍នេះបានផ្ទុះឡើងបន្តបន្ទាប់គ្នាជាមួយនឹងការវាយប្រហារដោយដ្រូនលើនាវាដឹកទំនិញរុស្ស៊ីឈ្មោះ Sparta II នៅសមុទ្របាល់ទិក ក្បែរប្រទេសហ្វាំងឡង់ ព្រមទាំងការវាយប្រហារដោយដ្រូនលើផ្ទៃទឹកទៅលើនាវាពាណិជ្ជកម្មដោតទង់ជាតិម៉ាល់តាមួយគ្រឿងទៀត នៅឯនាយឆ្នេរសមុទ្រទីក្រុង Benghazi នាល្ងាចថ្ងៃអាទិត្យដដែល។








