នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦ និង១០នាទី នាវាទេសចរណ៍អន្តរជាតិឈ្មោះ «Star SEEKER» សញ្ជាតិ BAHAMAS បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតធ្វើទស្សនកិច្ចរយៈពេល ១ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាដែលមានបណ្តោយ ១៣១,៧៥ម៉ែត្រ ទទឹង ១៩ម៉ែត្រ និងជម្រៅទឹក ៤,៨១ម៉ែត្រនេះ បានធ្វើដំណើរចេញពីប្រទេសវៀតណាម ដោយដឹកភ្ញៀវទេសចរសរុប ១៨៦នាក់ ស្មើនឹង ១១សញ្ជាតិ (ភាគច្រើនជាជនជាតិអាមេរិកចំនួន ១១៥នាក់ ស្រី ៦៦នាក់) រួមជាមួយនាវិកចំនួន ១៣៤នាក់ (ស្រី ២៨នាក់) មកពី ២១សញ្ជាតិ។យោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុក។ 
ក្នុងឱកាសនៃការសំចតនេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួយសម្របសម្រួលបែបបទទិដ្ឋាការយ៉ាងរលូនជូនដល់ភ្ញៀវទេសចរទាំងអស់ មុននឹងពួកគេបន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ២១ និង០០នាទីយប់ថ្ងៃដដែល។ ពេញមួយថ្ងៃនៅលើទឹកដីខេត្តព្រះសីហនុ ក្រុមភ្ញៀវទេសចរបានទៅទស្សនាកម្សាន្តនៅតាមតំបន់សំខាន់ៗជាច្រើន រួមមាន ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ វត្តអារាម រមណីយដ្ឋានរូបសំណាក និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

វត្តមាននៃនាវាទេសចរណ៍អន្តរជាតិខាងលើ ឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងសក្តានុពលនៃតំបន់ឆ្នេរកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជាឧស្សាហកម្មគ្មានផ្សែង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយ៖ ស្រីពី








