ប្រជាពលរដ្ឋ យុវជន និងអតីតពលករវិលត្រឡប់មកពីប្រទេសថៃជិត ៥០០នាក់ នៅស្រុកកំពង់ត្រឡាច បានទទួលឱកាសការងារក្នុងស្រុកចំនួន ២ ៧៦៣កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» កម្មវិធីនេះបាននាំយកស្ថាប័នឯកជនធំៗ រួមមាន រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ABA មកធ្វើការជ្រើសរើសបុគ្គលិកដោយផ្ទាល់ ដើម្បីផ្តល់ប្រភពចំណូល និងលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន។



ក្នុងឱកាសនោះ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការធ្វើការងារក្នុងស្រុកមិនត្រឹមតែផ្តល់ភាពកក់ក្តៅជួបជុំគ្រួសារ និងចៀសផុតពីហានិភ័យនៃការចំណាកស្រុកខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំពារពេញលេញពី ប.ស.ស. លើផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព សោធន និងប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុក្រោម ២ឆ្នាំទៀតផង។ លើសពីនេះ បច្ចុប្បន្នទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង រួមទាំងឱកាសការងារក្រៅប្រទេសដែលស្របច្បាប់ និងមានសុវត្ថិភាពខ្ពស់ផងដែរ។នេះបើយោតាមព័ត៍មានក្នុងស្រុក។



ទន្ទឹមនឹងការផ្តល់ការងារ ក្រសួងក៏បានជំរុញឱ្យពលរដ្ឋចាប់យកជំនាញវិជ្ជាជីវៈបន្ថែម តាមរយៈកម្មវិធីបណ្តុះបណ្តាល TVET ១,៥លាន ដោយឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ឬតាមរថយន្តចល័តដល់មូលដ្ឋាន លើមុខជំនាញជាច្រើនដូចជា សំណង់ អគ្គិសនី បរិក្ខារត្រជាក់ ជួសជុលគ្រឿងម៉ាស៊ីន ដុតនំ ឆុងកាហ្វេ និងសាឡន ដើម្បីបង្កើនប្រាក់ចំណូល ឬបើកអាជីវកម្មដោយខ្លួនឯង។ សម្រាប់ពលរដ្ឋដែលមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ ១២៩៧ (ផ្នែកការងារ និងបណ្តុះបណ្តាលជំនាញ) និងលេខ ១២៨៦ (ផ្នែក ប.ស.ស.)។ ដោយ៖ ស្រីពី







