ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងតាមមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ បានចេញប្រតិបត្តិការយាមល្បាត និងដាក់កម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ជាពិសេសតំបន់ទីប្រជុំជន ឆ្នេរសមុទ្រ និងរមណីយដ្ឋាននានា។
ប្រតិបត្តិការនេះមានគោលបំណងពង្រឹងសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។


ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថបានត្រៀមខ្លួនជាស្រេច ដើម្បីបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ដោះស្រាយរាល់ហេតុការណ៍ដែលអាចកើតមាន ព្រមទាំងផ្តល់ជំនួយសង្គ្រោះបានទាន់ពេលវេលា ក្នុងគោលបំណងធានាឱ្យការប្រារព្ធពិធីបុណ្យប្រព្រឹត្តទៅដោយរលូន សប្បាយរីករាយ និងមានសុវត្ថិភាព។


សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តប្តេជ្ញាចិត្តក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប។ សន្តិសុខល្អ សុវត្ថិភាពខ្ពស់ រួមចំណែកលើកកម្ពស់ទេសចរណ៍ខេត្តព្រះសីហនុ៕ដោ៖ ប៉ៃ សុឃីម











