រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់បន្ថែមទៀត ប្រឆាំងនឹងការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ មេបញ្ជាការកងទ័ពអាកាសថៃ គឺលោក Praphas Sanjaidi បានដឹកនាំគណៈប្រតិភូដែលរួមមានមន្ត្រីមកពីស្ថាប័ននានា និងអ្នកសារព័ត៌មានថៃ ចុះទៅកាន់ទីតាំងមួយចំនួននៅក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលរបស់កម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
ការចុះទៅកាន់ទីតាំងទាំងនេះដោយគ្មានការអនុញ្ញាត និងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការប៉ុនប៉ងមួយផ្សេងទៀតដើម្បីអះអាងទាមទារដោយខុសច្បាប់លើទឹកដីដែលមានអធិបតេយ្យភាពរបស់កម្ពុជា ដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីមានបទឈប់បាញ់គ្នានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ មក។
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់លេណដ្ឋានយោធាដែលមានការការពាររឹងមាំមួយទៀត នៅក្នុងតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីឈូសឆាយផ្លូវ និងដឹកជញ្ជូនសសរស៊ីម៉ង់ត៍ទៅកាន់ទីតាំងនៅក្នុងតំបន់ខាងលើនោះ។ រាជរដ្ឋាភិបាលកម្ពុជាសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពទាំងនេះ ដែលជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងបោះបង្គោលព្រំដែនដោយផែនទីមាត្រដ្ឋាន ១/២០០,០០០ ដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពខាងលើនេះ ក៏បានរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី ១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីដោយឯកតោភាគីពីសំណាក់ប្រទេសថៃឡើយ ហើយសកម្មភាពទាំងនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពឯកតោភាគី ហើយងាកមកខិតខំកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តទៅវិញទៅមក រក្សាសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕ ដោយ៖ ស្រីពី









