ប្រព័ន្ធតុលាការអ៊ីរ៉ង់ បានចេញសាលក្រមបង្គាប់ឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវសងប្រាក់សំណងខូចខាតសរុបរហូតដល់ ២៩០ ពាន់លានដុល្លារអាមេរិក ជុំវិញសកម្មភាពប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និង Channel News Asia កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Hassan Abdolianpour ប្រធានមជ្ឈមណ្ឌលមេធាវី នៃប្រព័ន្ធតុលាការអ៊ីរ៉ង់ បានបញ្ជាក់ថា ក្រៅពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេហេរ៉ង់ក៏បានប្តឹងបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រផងដែរ ក្រោមបទចោទសមគំនិតផ្តល់ទឹកដី និងមូលដ្ឋានទ័ពឱ្យយោធាអាមេរិក វាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។


ទោះបីជាសាលក្រមដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានសុពលភាពតាមច្បាប់ក្នុងស្រុកដូចករណីទារសំណង ៤៨ ពាន់លានដុល្លារ លើការធ្វើឃាតលោកឧត្តមសេនីយ៍ Qassem Soleimani កាលពីឆ្នាំ២០២០ ក្តី ប៉ុន្តែអ៊ីរ៉ង់នឹងជួបឧបសគ្គធំក្នុងការអនុវត្តជាក់ស្តែង ព្រោះមិនអាចរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យរបស់អាមេរិកនៅបរទេសបានឡើយ ប្រសិនបើគ្មានការសហការពីតុលាការអន្តរជាតិ។ ចំណាត់ការនេះ កើតឡើងស្របពេលកិច្ចចរចាបទឈប់បាញ់កំពុងជាប់គាំង ហើយភាគីជម្លោះនៅមជ្ឈិមបូព៌ាកំពុងប្តឹងទារសំណងដាក់គ្នាទៅវិញទៅមកយ៉ាងតានតឹង។


គួររំលឹកថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏បានដាក់ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដើម្បីទាមទារឱ្យអ៊ីរ៉ង់ សងការខូចខាតផ្នែកស៊ីវិល សេដ្ឋកិច្ច និងបរិស្ថាន ដែលបង្កឡើងដោយការវាយប្រហារមីស៊ីល និងដ្រូនជាង ៧ ០០០ លើក ចាប់តាំងពីខែកុម្ភៈមក។ យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតរងអ៊ីរ៉ង់ ប្រចាំ UN បានច្រានចោលការទាមទារនេះ ដោយលើកឡើងថា ប្រទេសឈូងសមុទ្រទាំងនោះបានរំលោភធម្មនុញ្ញ UN មុនរួចទៅហើយ តាមរយៈការបើកផ្លូវឱ្យអាមេរិកវាយប្រហារអ៊ីរ៉ង់៕ ដោយ៖ ស្រីពី







