ខេត្តព្រះសីហនុ៖ នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិនចំនួន ៣គ្រឿង ដែលដឹកជញ្ជូនកងទ័ព និងសម្ភារយោធា បានចូលចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដើម្បីត្រៀមចូលរួមសមយុទ្ធយោធារួមកម្ពុជា-ចិន «នាគមាស-២០២៦» ដែលនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។


តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សមយុទ្ធឆ្នាំនេះនឹងផ្តោតលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ក្រោយពេលចូលចត សម្ភារយោធាទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ទីលានសមយុទ្ធដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ សមយុទ្ធនេះនឹងមានការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន និងការហ្វឹកហ្វឺនចល័តកងទ័ពតាមជើងទឹក ជើងគោក និងជើងអាកាស។ ជាមួយគ្នានេះ ក៏នឹងមានសកម្មភាពសង្គម និងមនុស្សធម៌នៅតាមមូលដ្ឋានជុំវិញតំបន់សមយុទ្ធផងដែរ។


តាមអ្នកនាំពាក្យរូបនេះ សមយុទ្ធមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធា ផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សមត្ថភាពហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពប្រតិបត្តិការជាក់ស្តែងរបស់កងទ័ពប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការថែរក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់។
លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិនតាមរយៈការធ្វើសមយុទ្ធរួមគ្នា បានពង្រីកជាបន្តបន្ទាប់ទាំងវិសាលភាពនៃការហ្វឹកហ្វឺន ប្រភេទកម្លាំងចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលជាឱកាសសម្រាប់ពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារជាតិ និងចូលរួមថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក៕ ដោយ ៖ ប៉ៃ សុឃីម








