សមយុទ្ធរួម «នាគមាស-២០២៦» រវាងកងទ័ពកម្ពុជា និងកងទ័ពចិន នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយបន្តរហូតដល់ពាក់កណ្តាលខែធ្នូ។ សមយុទ្ធនេះមានទំហំធំជាងឆ្នាំមុនៗ ហើយនាវាចម្បាំងចិននឹងចូលរួមផងដែរ។


យោងតាមគេហទំព័រក្រសួងការពារជាតិចិន សមយុទ្ធលើកនេះធ្វើឡើងនៅកម្ពុជា ក្រោមប្រធានបទ «ប្រតិបត្តិការរួមប្រឆាំងភេរវកម្ម ប្រឆាំងចោរសមុទ្រ និងជួយសង្គ្រោះមនុស្សធម៌»។ នេះជាលើកទី៨ហើយ ដែលកងទ័ពកម្ពុជា និងចិនរៀបចំសមយុទ្ធរួមស៊េរី «នាគមាស»។ បើធៀបនឹងឆ្នាំ២០២៥ ដែលមានប្រធានបទប្រឆាំងភេរវកម្ម និងជួយសង្គ្រោះមនុស្សធម៌ ឆ្នាំនេះមានបន្ថែមខ្លឹមសារប្រឆាំងចោរសមុទ្រ។
កាលពីមុន ភាគីយោធាកម្ពុជាបានបញ្ជាក់ថា សមយុទ្ធឆ្នាំនេះនឹងដាក់ឱ្យប្រើប្រាស់សម្ភារៈទំនើបៗច្រើនជាងមុន ហើយមានកងទ័ពច្រើនប្រភេទចូលរួម។ សមយុទ្ធកាលពីឆ្នាំមុន ជាលើកដំបូងដែលកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ធ្វើសមយុទ្ធហ្វឹកហាត់នៅទីលានតែមួយ។ ភាគីចិនបានបញ្ជូនឧទ្ធម្ភាគចក្រកងទ័ពអាកាសមកចូលរួមជាលើកដំបូង ហើយក៏បានពឹងផ្អែកលើមជ្ឈមណ្ឌលគាំទ្រភស្តុភារ និងបណ្តុះបណ្តាលរួមនៅកំពង់ផែរាម ដើម្បីគាំទ្រការហ្វឹកហាត់សមយុទ្ធនៅសមុទ្រជាលើកដំបូងផងដែរ។



សមយុទ្ធរួមស៊េរី «នាគមាស» គឺជាគម្រោងកិច្ចសហប្រតិបត្តិការយោធាប្រចាំរបស់កងទ័ពកម្ពុជា និងចិន ហើយត្រូវបានគេចាត់ទុកថា នឹងដើរតួនាទីវិជ្ជមានក្នុងការជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា។






