នៅថ្ងៃទី២៣ ខែវិច្ឆិកា មន្ទីរព័ត៌មានខេត្តសៀមរាបបានចេញផ្សាយវីដេអូបទសម្ភាសន៍មួយ។ ក្នុងវីដេអូនេះ ភ្ញៀវទេសចរបារាំងម្នាក់បានចៃដន្យជួបព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីរបស់កម្ពុជា ពេលកំពុងដើរលេងកម្សាន្តនៅសៀមរាប។ គាត់បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបុណ្យនៅទីនោះ និងការរាក់ទាក់រួសរាយរបស់ប្រជាជន។
ភ្ញៀវទេសចររូបនេះបានឱ្យដឹងថា លើកនេះគាត់មកដើរលេងនៅកម្ពុជាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ រយៈពេល៣ថ្ងៃ។ នេះជាលើកទីពីរហើយដែលគាត់ និងក្រុមគ្រួសារបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ហើយក៏ជាលើកទីមួយដែលពួកគេបានចូលរួមព្រះរាជពិធីបុណ្យអុំទូករបស់កម្ពុជា។
គាត់បាននិយាយថា សកម្មភាពបុណ្យដ៏សម្បូរបែបនៅសៀមរាបធ្វើឱ្យពួកគេភ្ញាក់ផ្អើលដោយរីករាយ ហើយស្នាមញញឹម និងការរាក់ទាក់របស់ប្រជាជននៅទីនោះ ក៏ធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅខ្លាំងដែរ។ ក្រោយត្រឡប់ទៅប្រទេសបារាំងវិញ គាត់នឹងណែនាំកម្ពុជាជាគោលដៅទេសចរណ៍ដល់មិត្តភក្តិ។
ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា។ ទោះបីជារាជធានីភ្នំពេញបានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកប្រពៃណី នៅលើទន្លេសាបមុខព្រះបរមរាជវាំងក៏ដោយ ក៏ខេត្តសៀមរាបនៅតែរៀបចំសកម្មភាពនានា ដូចជាការប្រណាំងទូកង ការសម្តែងតន្ត្រី ការតាំងពិព័រណ៍ និងលក់ទំនិញ ការប្រកួតគុនល្បុក្កតោ និងការសម្តែងល្ខោនប្រពៃណីជាដើម។
សកម្មភាពបុណ្យដ៏សម្បូរបែបទាំងនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌ប្រពៃណីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសកាន់តែច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការចំណាយលើវិស័យទេសចរណ៍ក្នុងមូលដ្ឋានផងដែរ។







