តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែវិច្ឆិកា ថា កម្ពុជា និងថៃ បានយល់ព្រមឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យជាក់ស្តែងនៅកោះ និងទម្រង់ភូមិសាស្ត្រសមុទ្រពាក់ព័ន្ធ តាមឆ្នេររបស់ប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចពិភាក្សារវាងភាគីទាំងពីរលើការកំណត់ព្រំដែនសមុទ្រ។
ការឯកភាពនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងថៃ បានយល់ព្រមបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដែលមានសមាសភាពជាអ្នកជំនាញរបស់ប្រទេសទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយជាពិសេសនូវបញ្ហាបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ ហើយក៏បានឯកភាពលើប៉ារ៉ាម៉ែត្របច្ចេកទេសជាច្រើនដែលត្រូវប្រើសម្រាប់ការកំណត់ព្រំដែន។
សេចក្តីប្រកាសបានឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនេះ មានគោលបំណងជួយឱ្យគណៈកម្មការផ្សះផ្សា ដែលមានសមាជិក៥រូប យល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយអំពីបរិស្ថានភូមិសាស្ត្រ និងស្ថានភាពជាក់ស្តែងនៃតំបន់ពាក់ព័ន្ធ។ បន្ទាប់ពីការចុះពិនិត្យរួច គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំបន្តជាមួយភាគីទាំងពីរ ដើម្បីពង្រឹងលទ្ធផលដែលសម្រេចបាន និងបន្តកសាងការឯកភាពគ្នា។
លោកស្រី ខាទ្រីណា ឃូភើរ ប្រធានគណៈកម្មការផ្សះផ្សា បានមានប្រសាសន៍ថា កិច្ចប្រជុំលើកនេះ គឺជាវឌ្ឍនភាពវិជ្ជមានមួយទៀតនៅក្នុងដំណើរការផ្សះផ្សា។ ការឯកភាពផ្នែកបច្ចេកទេសដែលភាគីទាំងពីរសម្រេចបាន នឹងជួយជំរុញការចរចាឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ហើយការចុះពិនិត្យជាក់ស្តែងនឹងអាចឱ្យគណៈកម្មការទទួលបានព័ត៌មានផ្ទាល់ពីទីកន្លែង។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងដែលមិនអាចរើចេញពីគ្នាបាន ហើយវឌ្ឍនភាពផ្នែកបច្ចេកទេសលើកនេះ គឺជាជំហានដ៏សំខាន់សម្រាប់ភាគីទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់គណៈកម្មការផ្សះផ្សា និងតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ព្រមទាំងបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីថៃ ហើយបានបញ្ជាក់ថា ភាគីកម្ពុជានឹងបន្តជំរុញការងារប្រកបដោយឆន្ទៈល្អ ខិតខំកសាងទំនុកចិត្តគ្នាឡើងវិញ និងស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់។
លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ក៏បានមានប្រសាសន៍ដែរថា ភាគីថៃនឹងបន្តចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីស្ថាបនា ហើយសង្ឃឹមថាដំណើរការនេះនឹងនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំនេះ កម្ពុជាបានជូនដំណឹងទៅថៃអំពីការចាប់ផ្តើមជាផ្លូវការនូវនីតិវិធីផ្សះផ្សាវិវាទសមុទ្រ ដោយផ្អែកលើមាត្រា២៩៨ និងមាត្រា១១ នៃឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហើយថៃបានឆ្លើយតបនៅថ្ងៃទី១៩ ខែមិថុនា។







