យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដែលអាចកើតមានឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។ ការប្រែប្រួលអាកាសធាតុនេះ បណ្តាលមកពីសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
យោងតាមការព្យាកររបស់ក្រសួង សម្រាប់តំបន់វាលទំនាបក្នុងរយៈពេល ៣ ថ្ងៃនេះ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២២ អង្សាសេ និងអតិបរមា ៣៤ អង្សាសេ រួមជាមួយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ២ ម៉ែត្រក្នុងមួយវិនាទី។ ក្នុងនោះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តចំនួន ៩ ផ្សេងទៀត រួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងកណ្តាល អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥ ភាគរយ។
ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ពុំមានភ្លៀងធ្លាក់នោះទេក្នុងអំឡុងពេលដូចគ្នានេះ។ ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ប្រឈមទាំង ១០ រាជធានី-ខេត្តខាងលើ គួរត្រៀមលក្ខណៈការពារ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុដែលបង្កឡើងដោយបាតុភូតធម្មជាតិទាំងនេះ។ ដោយ៖ ស្រីពី







