តាមរយៈប្រព័ន្ធទិន្នន័យស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ក្រសួងបរិស្ថានបានគ្រប់គ្រង និងសម្អាតទឹកកខ្វក់បានរហូតដល់ ៤៤ ២៩៧ ១៥៦ ម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលបរិស្ថានឡើយ ក្នុងរយៈពេលជិត ២ ឆ្នាំចុងក្រោយនេះ (គិតចាប់ពីដើមឆ្នាំ២០២៥ ដល់ខែវិច្ឆិកា ឆ្នាំ២០២៦)។
ក្នុងចំណោមតួលេខសរុបរយៈពេល ២៣ ខែនេះ ដោយឡែកសម្រាប់តែរយៈពេល ១១ ខែ នៃឆ្នាំ២០២៦ (ខែមករា ដល់ខែវិច្ឆិកា) ក្រសួងបានត្រួតពិនិត្យ និងគ្រប់គ្រងបរិមាណសំណល់រាវដែលបានធ្វើប្រព្រឹត្តកម្មសម្អាតរួច ចំនួន ២៤ ២២២ ៨៨៣ ម៉ែត្រគូប។
សមិទ្ធផលដ៏ធំធេងក្នុងការទប់ស្កាត់ទឹកកខ្វក់ជាង ៤៤ លានម៉ែត្រគូបនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់បរិស្ថាន និងសង្គម ។
ការពារប្រភពទឹកសាធារណៈ រក្សាបាននូវគុណភាពទឹកតាមដងទន្លេ បឹងបួ និងប្រព័ន្ធអេកូឡូស៊ីនៅទូទាំងប្រទេស អភិរក្សជីវៈចម្រុះ កាត់បន្ថយហានិភ័យនៃការបាត់បង់មច្ឆជាតិ និងជីវៈចម្រុះក្នុងទឹក ពីការបំពុលដោយសារធាតុគីមីពុល លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច ជួយការពារសុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម







