កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៥ ទីតាំង ក្នុងស្រុកថ្ពង និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធផងដែរ រួមមាន លោកស្រី គា សុភូ អភិបាលរងខេត្តព្រះសីហនុ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង លោក គុជ សាភីន អភិបាលរងស្រុកសំរោងទង លោក យិន លន់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំរោងទង អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលាទាំង ៥ លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស។
ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា ប្រធានក្រុមការងារ បានលើកឡើងពីការយកចិត្ទុកដាក់ខ្ពស់ និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា លើសុខុមាលភាព និងសុវត្ថិភាពរបស់សិស្សានុសិស្ស។ ការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ គឺដើម្បីវាយតម្លៃស្ថានភាពអគារសិក្សា និងកំណត់លំដាប់អាទិភាពសម្រាប់ជួសជុល ឬសាងសង់ឡើងវិញ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សម្ដេចតេជោ ចំពោះវិស័យអប់រំ ព្រមទាំងប្តេជ្ញាចូលរួមសហការយ៉ាងពេញទំហឹងជាមួយក្រុមការងារ ដើម្បីជំរុញការងារឱ្យសម្រេចបានជោគជ័យតាមផែនការ។
សាលារៀនទាំង ៥ ទីតាំង ដែលទទួលបានការចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សាសរុប ១១ ខ្នង ស្មើនឹង ៥៧ បន្ទប់ ។




សាលាបឋមសិក្សា រលាំងបែង (ភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង)៖ អគារ ២ ខ្នង (១១ បន្ទប់) សាលាបឋមសិក្សា ថាន់ គឹមស៊ន (ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង)៖ អគារ ៣ ខ្នង (១៥ បន្ទប់) វិទ្យាល័យ ហ៊ុន សែន ចំបក់ (ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង)៖ អគារ ៣ ខ្នង (១៥ បន្ទប់) វិទ្យាល័យ ឌីប៉ុក (ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង)៖ អគារ ១ ខ្នង (៦ បន្ទប់) វិទ្យាល័យ ហ៊ុន សែន អង្គមេត្រី (ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង)៖ អគារ ២ ខ្នង (១០ បន្ទប់) បន្ទាប់ពីការចុះពិនិត្យនេះ ក្រុមការងារនឹងបន្តសិក្សា និងវាយតម្លៃបច្ចេកទេសឱ្យកាន់តែលម្អិត ដើម្បីកំណត់សាលាអាទិភាពសម្រាប់បើកការដ្ឋានជួសជុល និងកែលម្អក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងផ្តល់បរិយាកាសសិក្សាដែលមានសុវត្ថិភាព គុណភាព និងផាសុកភាព ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ៕ដោយ៖ ប៉ៃ សុឃីម








