នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោកស្រី ធៀ នីង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកស្រី ធៀ នីង បានកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់ ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានសមិទ្ធផលកាន់តែធំធេងថែមទៀត។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិន ដោយបញ្ជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានផ្លែផ្កាយ៉ាងច្រើន ហើយភាគីចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
លោកស្រី ធៀ នីង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងរួមគ្នាជំរុញការកសាងនីតិរដ្ឋ។ លោកស្រីបានបន្តថា វិធានការកំណែទម្រង់ជាបន្តបន្ទាប់ដែលអនុវត្តដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ហ៊ុន ម៉ាណែត បានបង្កើតបរិយាកាសល្អសម្រាប់ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ។
ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងកម្រិតស្ថាប័ននីតិបញ្ញត្តិ និងកម្រិតរដ្ឋាភិបាល ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាជាយូរមកហើយ និងបានបញ្ជាក់ជាថ្មីថា ភាគីកម្ពុជាមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរដ៏មានមិត្តភាពរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក បញ្ញាសិប្បនិម្មិត និងការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល ជាដើម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហូបនីយកម្មរបស់កម្ពុជា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់រួម។








