ថ្មីៗនេះ ទីភ្នាក់ងារសន្តិសុខជាតិអ៊ូសបេគីស្ថាន បានសហការជាមួយប៉ូលិសទីក្រុងតាស្កិន ចុះប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលហៅទូរស័ព្ទខុសច្បាប់ពីរកន្លែង ដែលបង្កើតឡើងដោយពលរដ្ឋនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានរកឃើញជនបរទេសសរុបចំនួន ១២២នាក់។ គេដឹងថា ក្រុមនេះត្រូវបានសង្ស័យថាបានប្រព្រឹត្តការឆបោកតាមអនឡាញ ដោយផ្តោតលើពលរដ្ឋនៃប្រទេសនានានៅអឺរ៉ុប និងអាស៊ីបូព៌ា។


មន្ត្រីអនុវត្តច្បាប់បានរឹបអូសសាច់ប្រាក់ និងឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើននៅនឹងកន្លែង រួមមានសាច់ប្រាក់ ១៨.៥០០ដុល្លារអាមេរិក និង ១១៦,៥លានស៊ុម ព្រមទាំងកុំព្យូទ័រយួរដៃ ៦៧គ្រឿង ទូរស័ព្ទដៃ ៥៦៩គ្រឿង កុំព្យូទ័រលើតុ ៥គ្រឿង ថេប្លេត ៣គ្រឿង ឧបករណ៍ទំនាក់ទំនងផ្កាយរណប ៣គ្រឿង និងស៊ីមកាតបរទេសជាង ១០០០សន្លឹក។
ការស៊ើបអង្កេតក៏បានរកឃើញផងដែរថា ទំហំប្រតិបត្តិការជួញដូររូបិយប័ណ្ណគ្រីបតូខុសច្បាប់ដែលពាក់ព័ន្ធនឹងក្រុមនេះ មានចំនួនជាង ៦៤.៩០០ USDT។
បច្ចុប្បន្ន អាជ្ញាធរអនុវត្តច្បាប់អ៊ូសបេគីស្ថាន មិនទាន់បានប្រកាសពីសញ្ជាតិជាក់លាក់របស់ជនពាក់ព័ន្ធនៅឡើយទេ ហើយករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ថែម។







