ទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែសីហា។ ព្យុះទី១១ ឆ្នាំ២០២៥ ឈ្មោះ ផដូល (T2511) បន្តមានឥទ្ធិពលលើកម្ពុជា។ រាជធានី និងខេត្តភាគច្រើនអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់ខ្លាំងរហូតដល់ថ្ងៃទី១៥ ខែសីហា ដោយភ្លៀងអាចគ្របដណ្ដប់ពី ១៥ ដល់ ២៥ ភាគរយ។ ក្រសួងធនធានទឹក និងឧតុនិយមថា ឥទ្ធិពលព្យុះលើកម្ពុជាមានកម្រិតខ្សោយ។
ក្រសួងថា ព្យុះនឹងបន្តប៉ះពាល់ដល់សមុទ្រអង់ដាម៉ង់ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ របបខ្យល់មូសុងនិរតី និងកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ពីថ្ងៃទី១៣ ដល់១៥ ខែសីហា ឆ្នាំ២០២៥ តំបន់វាលទំនាប ដូចជា កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម កណ្ដាល សៀមរាប និងភ្នំពេញ អាចមានលទ្ធភាពភ្លៀងប្រមាណ១៥%។
នៅខ្ពង់រាប រួមមាន ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ភ្លៀងអាចគ្របដណ្ដប់ប្រមាណ ២០ ភាគរយ។
នៅតាមឆ្នេរ ដូចជា ខេត្តកោះកុង ព្រះសីហនុ និងកំពត លទ្ធភាពមានភ្លៀងត្រូវបានព្យាករថាមាន២៥%។ រលកសមុទ្រអាចខ្ពស់ពី០,៥ ដល់១,៥ម៉ែត្រ។
សេចក្ដីរាយការណ៍រួមរបស់ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។








