តាមសារព័ត៌មានកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីជាមួយនគរបាលភូមិន្ទថៃគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង ដោយផ្តោតលើបទល្មើសឆ្លងដែនដូចជា ការឆបោកតាមអនឡាញ និងការជួញដូរមនុស្ស។
នេះនឹងជាកិច្ចប្រជុំផ្លូវការលើកទី២របស់នគរបាលទាំងពីរក្នុងឆ្នាំនេះ។ កិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី២៦ កញ្ញា ត្រូវបានពន្យារដោយភាគីថៃមិនអាចចូលរួម។ កិច្ចប្រជុំថ្មីនេះបន្តពីជំនួបលើកទី១នៅខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៦ កញ្ញា និងស្របតាមការឯកភាពនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ កញ្ញា។
អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា កិច្ចប្រជុំនេះនឹងរៀបចំផែនការសហប្រតិបត្តិការដែលអាចអនុវត្តបានកាន់តែច្បាស់លាស់ លើវិស័យអាទិភាពដូចជា ការឆបោកតាមអនឡាញឆ្លងដែននិងការជួញដូរមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពកិច្ចសហការរបស់ស្ថាប័នអនុវត្តច្បាប់ និងរក្សាសន្តិសុខព្រំដែននិងស្ថិរភាពតំបន់។
សេចក្ដីរាយការណ៍សរុបដោយស្ថានីយទូរទស្សន៍យើង










