រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តបន្ទាយមានជ័យតបទៅអាជ្ញាធរស្រះកែវថា ទីតាំងដែលតវ៉ាគឺស្ថិតក្នុងភូមិជោគជ័យមានពលរដ្ឋខ្មែររស់នៅ និងអាស្រ័យផលយូរមកហើយ

សេចក្តីសង្ខេប

អភិបាលបន្ទាយមានជ័យ អ៊ុំ រាត្រី តបស្រះកែវថា ពលរដ្ឋខ្មែររស់នៅតំបន់ភូមិជោគជ័យយូរមុន MOU២០០០ ហើយស្នើឱ្យខេត្តទាំងពីរសហការបន្ធូរតានតឹង និងរង់ចាំដំណោះស្រាយ JBC។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានចេញលិខិតតបទៅរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃថា ទីតាំងដែលអាជ្ញាធរខេត្តស្រះកែវតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងនេះ មានប្រជាពលរដ្ឋខ្មែរ បានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ ពោលគឺមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០ ទៅទៀត។ ការចេញលិខិតប្រតិកម្មតបទៅវិញដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវចេញលិខិតតវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយតំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារដោយអាជ្ញាធរសៀមនៅភូមិជោគជ័យ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះ ក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទហេតុនានា។ អភិបាលខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា សកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំនៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើ គឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និងដាក់កង់ឡានរបស់យោធាសៀម ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្រ្តៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅទីតាំងខាងលើ។ បញ្ហានេះ បានបង្ហាញឱ្យឃើញពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

មិនតែប៉ុណ្ណោះ អភិបាលខេត្តបន្ទាយមានជ័យ បានសង្ក់តធ្ងន់ថា រដ្ឋបាលខេត្តទាំងពីរ មិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់ JBC រដ្ឋបាលខេត្តទាំងពីរ ត្រូវបន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតសិ្នទ្ធ ដើម្បីគ្រប់គ្រង់ស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី  និងបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។ ចំណែក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…