តាមសេចក្ដីរាយការណ៍ ប្ដីប្រពន្ធជនជាតិចិនដែលសង្ស័យរួមជាមួយជនជាតិជប៉ុនបោកប្រាស់ប្រាក់៥លានយ៉េន ប្រមាណ៣៣០០០ដុល្លារអាមេរិក ខណៈនៅកម្ពុជា ត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួនកាលពីថ្ងៃមុន។
សារព័ត៌មានជប៉ុនរួមទាំង Yomiuri Shimbun រាយការណ៍ថ្ងៃទី៩ តុលាថា ប៉ូលិសខេត្ត Aichi បានចាប់ខ្លួន Wang Shaofan អាយុ៣៣ឆ្នាំ និងភរិយា Sun Jiaxuan អាយុ២២ឆ្នាំ នៅថ្ងៃទី៨ តុលា ពីបទសង្ស័យបោកប្រាស់ជាក្រុមតាមច្បាប់ដាក់ទោសបទល្មើសមានអង្គការ។ អ្នកទាំងពីរជាជនជាតិចិន និងមិនទាន់ដឹងមុខរបរ។
សេចក្ដីរាយការណ៍ថា ប្ដីប្រពន្ធនេះត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងជនជាតិជប៉ុន២៩នាក់ដែលត្រូវបានចាប់ខ្លួនរួច។ ស្ថានីយយើងបានរាយការណ៍ករណីនោះថ្ងៃទី២ តុលា សូមមើល៖https://www.kps-tv.com/news-pages/pages/2264.html?id=2264)។
នៅថ្ងៃទី២៦ និង២៧ ខែឧសភា ជនសង្ស័យត្រូវបានចោទថារួមជាមួយជនជាតិជប៉ុន២៩នាក់ ទូរស័ព្ទក្លែងជាប៉ូលិសទៅបុរសម្នាក់នៅក្រុង Chita ខេត្ត Aichi ដោយថាសង្ស័យគាត់ពាក់ព័ន្ធនឹងការលាងលុយ និងត្រូវពិនិត្យចរន្តប្រាក់។ បន្ទាប់មកពួកគេឱ្យបុរសនោះផ្ទេរប្រាក់សរុប៥លានយ៉េន ទៅគណនីដែលជនសង្ស័យគ្រប់គ្រង។
តាមផ្នែកស៊ើបអង្កេតពិសេសបទល្មើសមានអង្គការរបស់ប៉ូលិសខេត្ត Aichi អ្នកទាំងពីរនៅកម្ពុជានាពេលនោះ ហើយចូលជប៉ុនថ្ងៃទី២៩ ឧសភា និងធ្វើដំណើររវាងអាស៊ីអាគ្នេយ៍និងជប៉ុន។ ការវិភាគទូរស័ព្ទឆ្លាតវៃ និងឧបករណ៍ដកហូតផ្សេងៗ ត្រូវបានរាយការណ៍ថាបង្ហាញការពាក់ព័ន្ធរបស់អ្នកទាំងពីរ។
អ្នករាយការណ៍ពិសេសរបស់ស្ថានីយយើងពីទីក្រុងតូក្យូ






