នាយករដ្ឋមន្ត្រីថៃ អនុទីន បាននិយាយនាពេលថ្មីៗថា ថៃបានដាក់លក្ខខណ្ឌសំខាន់បួនឱ្យកម្ពុជា ជាមូលដ្ឋានសម្រាប់ដោះស្រាយជម្លោះព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការ រួមមានដកអាវុធធុនធ្ងន់ បង្ក្រាបការឆបោកអនឡាញ ចៀសវាងការគំរាមសុវត្ថិភាពពលរដ្ឋថៃ និងដោះស្រាយឱ្យបានសមស្របចំពោះការស្នាក់នៅរបស់ពលរដ្ឋកម្ពុជានៅថៃ។
ចំពោះព័ត៌មានថាថ្ងៃទី១០ ខែតុលាជាថ្ងៃកំណត់ចុងក្រោយ«បណ្តេញពលរដ្ឋកម្ពុជាចេញពីថៃ» លោក អនុទីន បានបដិសេធថា«គ្មានថ្ងៃកំណត់ដូច្នោះទេ»។ ប៉ុន្តែលោកថា បើកម្ពុជាមិនអនុវត្តកាតព្វកិច្ចពាក់ព័ន្ធ ថៃនឹងចាត់វិធានការសមស្រប។
ចំពោះការចោទរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ថាថៃ«ធ្វើការយឺតយ៉ាវ» លោក អនុទីន ឆ្លើយថា៖ «អ្នកដែលពន្យារពេលពិតប្រាកដគឺកម្ពុជា។ ថៃជាភាគីដែលត្រូវគេរំលោភ មិនមានរឿងយឺតយ៉ាវទេ»។ លោកបញ្ជាក់ថា ថៃនឹងបន្តការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនតាមច្បាប់ និងនីតិវិធីដែលមានស្រាប់។
ចំពោះការដែលប្រធានាធិបតីអាមេរិក ត្រាំ ចង់សម្របសម្រួលជម្លោះនេះ លោក អនុទីន ថាលោក ត្រាំ ធ្លាប់ផ្ញើលិខិតទៅថៃ អំពាវនាវឱ្យប្រទេសទាំងពីរចរចាដោះស្រាយដោយសន្តិវិធី។ ថៃនឹងឆ្លើយតបជាផ្លូវការឆាប់ៗ ដោយបញ្ជាក់ថាបើកម្ពុជាអនុវត្តលក្ខខណ្ឌស្នូលទាំងបួន ថៃនឹងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម។
ចុងក្រោយ លោកបញ្ជាក់ថា អាទិភាពក្នុងបួនខែខាងមុខគឺរក្សាស្ថិរភាពព្រំដែន ឱ្យភាពតានតឹងថយចុះបន្តិចម្តងៗ និងស្តារស្ថានភាពប្រក្រតី។
រាយការណ៍សរុបដោយស្ថានីយទូរទស្សន៍យើងខ្ញុំ







