រដ្ឋាភិបាលកម្ពុជា និងថៃត្រូវបានរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពយុទ្ធសាស្ត្រមួយ នៅកិច្ចប្រជុំកំពូលអាស៊ានក្នុងខែនេះ ដែលនឹងសម្គាល់របត់សំខាន់ បន្ទាប់ពីការប្រឈមមុខតានតឹងជាច្រើនខែ។ តាមខ្លឹមសារកិច្ចព្រមព្រៀង ភាគីថៃនឹងដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនតាំងពីចុងខែកក្កដា។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ទូរទស្សន៍ជាតិកម្ពុជា TVK នៅថ្ងៃទី១៩ ខែតុលា ពេលត្រឡប់ពីម៉ាឡេស៊ីមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ថា ភាគីទាំងពីរបានឯកភាពចុងក្រោយលើអត្ថបទឯកសារ។ ឯកសារនេះត្រូវបានរំពឹងថានឹងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅកិច្ចប្រជុំកំពូលអាស៊ានចុងខែ ដោយមានការរំពឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាននៅពេលនោះ នឹងចូលរួមធ្វើជាសាក្សី។
លោក ប្រាក់ សុខុន បានឱ្យដឹងថា ឯកសារសន្តិភាពត្រូវបានបញ្ចប់នៅយប់ថ្ងៃទី១៧ ខែតុលា បន្ទាប់ពីការពិភាក្សាយ៉ាងសកម្មជាច្រើនជុំ ក្នុងក្របខណ្ឌកិច្ចចរចាចតុភាគីដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ដោយមានតំណាងអាមេរិក និងម៉ាឡេស៊ីចូលរួម។
កិច្ចព្រមព្រៀងបានបញ្ជាក់ឡើងវិញថា ភាគីទាំងពីរនឹងបន្តគោរពការឈប់បាញ់ដែលបានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិរបស់គ្នាទៅវិញទៅមក ព្រមទាំងវិធានការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន រួមមានការដកអាវុធធុនធ្ងន់ និងការដោះមីនរួមគ្នា។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «តាមកិច្ចព្រមព្រៀង ភាគីថៃនឹងដោះលែងកងទ័ពកម្ពុជា១៨នាក់ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃដែលការឈប់បាញ់ចូលជាធរមាន»។ កងទ័ពទាំងនេះត្រូវបានយោធាថៃឃុំគ្រងតាំងពីថ្ងៃទី២៩ ខែកក្កដា អស់រយៈពេលជាង៨០ថ្ងៃមកហើយ។
ភាគីទាំងពីរក៏បានប្តេជ្ញាដោះស្រាយវិវាទព្រំដែនដែលនៅសល់ តាមការទូត និងកិច្ចសន្ទនា ដោយចៀសវាងការប្រឈមមុខដោយអាវុធគ្រប់ទម្រង់។ ក្រៅពីបញ្ហាសន្តិសុខ ឯកសារក៏មានយន្តការសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមអនឡាញ និងផែនការស្តារទំនាក់ទំនងការទូតឱ្យពេញលេញ ដែលបានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាប្រទេសជិតខាងជារៀងរហូត កម្ពុជា និងថៃមានការទទួលខុសត្រូវរួមគ្នា ហើយគួររួមដៃស្តារស្ថានការណ៍ធម្មតា ដើម្បីនាំមកនូវសន្តិភាព និងវិបុលភាពជូនប្រទេសទាំងពីរ និងប្រជាជនទាំងពីរ»។
កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាទូទៅថាជាជំហានប្រវត្តិសាស្ត្រឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងកម្ពុជា-ថៃ និងជាក្តីសង្ឃឹមថ្មីសម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ស្ថានីយយើងប្រមូលព័ត៌មានរាយការណ៍








