ពាក់ព័ន្ធនឹងហេតុការណ៍ថ្មីៗដែលមគ្គុទ្ទេសក៍ចិនម្នាក់រងការចោទថាបានគំរាមភ្ញៀវទេសចរ អគ្គនាយកនាយកដ្ឋានទេសចរណ៍ថៃ លោក Jaturon Phakdeewanit បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា ថា នាយកដ្ឋានបានព្យួរអាជ្ញាបណ្ណអាជីវកម្មរបស់ក្រុមហ៊ុនទេសចរណ៍ពាក់ព័ន្ធតាមច្បាប់ និងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់លើអំពើល្មើសនានា។
តាមការស៊ើបអង្កេត បុរសជនជាតិចិនឈ្មោះ ចាង បូ បានធ្វើការជាមគ្គុទ្ទេសក៍ដោយគ្មានអាជ្ញាបណ្ណ ដែលបំពានមាត្រា៣១ នៃច្បាប់ស្តីពីអាជីវកម្មទេសចរណ៍ និងមគ្គុទ្ទេសក៍។ បទល្មើសនេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២ឆ្នាំ ឬពិន័យជាប្រាក់មិនលើស៥០ម៉ឺនបាត ឬទាំងពីរ។ នាយកដ្ឋានបានចាត់មន្ត្រីឱ្យសហការជាមួយនគរបាលដាក់ពាក្យបណ្តឹងជាផ្លូវការលើលោក ចាង បូ។
មគ្គុទ្ទេសក៍ថៃដែលមានអាជ្ញាបណ្ណ ហើយបានអនុញ្ញាតឱ្យមគ្គុទ្ទេសក៍ចិនគ្មានអាជ្ញាបណ្ណដឹកនាំក្រុមភ្ញៀវជំនួសខ្លួន ក៏បានបំពានបទប្បញ្ញត្តិពាក់ព័ន្ធនៃមាត្រា៨៩ និងមាត្រា៦០ នៃច្បាប់ដដែល។ តាមច្បាប់ មគ្គុទ្ទេសក៍រូបនេះអាចជាប់ពន្ធនាគាររហូតដល់៦ខែ ឬពិន័យមិនលើស៥ម៉ឺនបាត ឬទាំងពីរ។ បច្ចុប្បន្ន នាយកដ្ឋានបានបញ្ជូនឱ្យនគរបាលចាត់ការ។
លោកអគ្គនាយកបានសង្កត់ធ្ងន់ថា នាយកដ្ឋានទេសចរណ៍ថៃនឹងបន្តត្រួតពិនិត្យវិស័យមគ្គុទ្ទេសក៍យ៉ាងតឹងរ៉ឹង ចាត់ការអំពើល្មើសតាមច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភ្ញៀវទេសចរ និងធានាសណ្តាប់ធ្នាប់ ព្រមទាំងស្តង់ដារវិជ្ជាជីវៈក្នុងវិស័យនេះ។
សេចក្តីរាយការណ៍សរុបដោយស្ថានីយយើង







