ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចូលឆ្នាំថ្មីឆ្នាំសកល!សម្តេចហ៊ុន សែនជំរុញឱ្យប្រជាជាតិទាំងមូលបន្តស្មារតីស្នេហាជាតិនិងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ

KPS99TV

សេចក្តីសង្ខេប

ក្នុងសារឆ្នាំថ្មី២០២៦ ប្រធានព្រឹទ្ធសភា ហ៊ុន សែន អំពាវនាវឱ្យប្រជាជាតិបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាព ដើម្បីការពារអធិបតេយ្យ ស្តារសន្តិភាព និងអភិវឌ្ឍប្រទេសតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

ដើម្បីកម្ពុជាអាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមទាំងស្តារនិងថែរក្សាការពារសន្តិភាពជាមួយប្រទេសថៃ និងសន្តិភាពផ្ទៃក្នុងប្រទេសឱ្យបានគង់វង្សយូរអង្វែង និងជំរុញការអភិវឌ្ឍជាតិឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ ដោយជំរុញនិងលើកទឹកចិត្តប្រជាជាតិទាំងមូលបន្តស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។ ពិសេសសូមបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ព ដែលបានខិតខំប្រឹងប្រែងលះបង់ជាទីបំផុត ក្នុងការដឹកនាំ និងការពារជាតិមាតុភូមិដែលជាមរតកដូនតាខ្មែរ ព្រមទាំងប្រជាពលរដ្ឋឱ្យបន្តរស់នៅប្រកបដោយសុខសុវត្ថិភាព។

ក្នុងសារលិខិតរបស់សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នាពេលកន្លងមក ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការឈ្លានពានដោយកងទ័ពថៃ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានពីសំណាក់ប្រជាជាតិកម្ពុជាទាំងមូលដល់វីរកងទ័ពជួរមុខ ជនរងគ្រោះ និងប្រជាជនភៀសសឹកកម្ពុជា គឺជាមោទនភាពជាតិខ្មែរ និងគុណធម៌ដ៏ប្រសើរ។ ការណ៍នេះបានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ទោះបីជាកំពុងស្ថិតក្នុងកាលៈទេសលំបាកយ៉ាងណា ក៏ជនរួមជាតិកម្ពុជាទាំងអស់នៅតែរួមសុខទុក្ខជាមួយគ្នា ក្នុងនាមជាប្រជាជាតិតែមួយ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…