ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា ដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥(5G)ជាផ្លូវការ ចាប់ពីថ្ងៃទី១មករាតទៅ

KPS99TV

សេចក្តីសង្ខេប

ក្រសួងប្រៃសណីយ៍ប្រកាសដំណើរការ 5G ចាប់ពីម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ជាមួយ Cellcard, Metfone និង Smart នៅភ្នំពេញ និងតំបន់កំណត់ក្នុងខេត្តមួយចំនួន មុនពង្រីកបន្ថែម។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះតទៅ កម្ពុជានឹងចាប់ផ្តើមដំណើរការជាផ្លូវការ នូវប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បើតាមក្រសួងប្រៃសណីយ៍ សេវាទូរស័ព្ទជំនាន់ទី៥នេះ ជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ រួមមានក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ក្នុងការជំរុញសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំងដែលបានកំណត់។

អ្នកប្រើប្រាស់សេវាទូរសព្ទចល័តរបស់ប្រតិបត្តិករទាំង៣ នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពីម៉ោង ០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។ នៅដំណាក់កាលដំបូងសេវា 5G នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថានៅជំហានបន្តទៅមុខ វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅកាន់គ្រប់បណ្តាខេត្តទូទាំងប្រទេស។ ក្រសួងប្រៃសណីយ៍ចាត់ទុកសេវាទូរសព្ទចល័តជំនាន់ទី៥នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។

ក្រៅពីការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន សេវា 5G ក៏អនុញ្ញាតឱ្យមានការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ មានរយៈពេលឆ្លើយតប (Latency) កម្រិតទាប និងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឌីជីថល។ លើសពីនេះទៀត សេវា 5G នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់អនាគតឌីជីថលនវានុវត្តន៍ និងកាលានុវត្តភាពថ្មីកម្ពុជា។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវឱ្យសាធារណជនទាំងអស់ ជ្រាប និងចូលរួមទទួលយកបទពិសោធថ្មី នៃការប្រើប្រាស់សេវា 5G ដែលកំពុងចាប់ផ្តើមនៅកម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…