ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរ ១៩៥.២៦៣ នាក់ក្នុងរាត្រីឆ្លងឆ្នាំ កើនឡើង ៣៤,៣៥%

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុឱ្យដឹងថា រាត្រីថ្ងៃទី៣១ ខែធ្នូ មានភ្ញៀវ ១៩៥.២៦៣ នាក់ កើន ៣៤,៣៥% ប៉ុន្តែការកម្សាន្តមានភាពសាមញ្ញ ដោយគិតគូរដល់ជនភៀសសឹក និងកងទ័ពជួរមុខ។

ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល រាត្រីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ មានភ្ញៀវសរុបចំនួន ១៩៥.២៦៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៨៩.៣៣៤ នាក់ និងភ្ញៀវបរទេស ៥.៩២៩ នាក់ ដែលមានការកើនឡើង ៣៤,៣៥% បើប្រៀបធៀបនឹងឆ្នាំមុន។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរ មកលេងខេត្តព្រះសីហនុមានចំនួនច្រើនក្នុងយប់ឆ្លងឆ្នាំ ២០២៥ ឈានចូលឆ្នាំ ២០២៦ ប៉ុន្តែការមកកម្សាន្តមានលក្ខណៈសម្រាកលម្ហែធម្មតា ជួបជុំជាមួយក្រុមគ្រួសារ ដោយមិនមានការចាក់ធុងបាសអឺងកង ឬបាញ់កាំជ្រួចអបអរដូចឆ្នាំមុនៗទេ ដោយសារតែអារម្មណ៍របស់ពួកគាត់នៅតែដិតដាមជាមួយសុខទុក្ខរបស់បងប្អូនជនភៀសសឹក និងវីរកងទ័ពកំពុងឈរជើងនៅជួរមុខ។

លោកបានបន្ថែមថា ទោះបីជារដ្ឋបាលខេត្តមិនបានរៀបចំកម្មវិធីកម្សាន្តសប្បាយជាពិសេសក៏ដោយ ប៉ុន្តែភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅតែអាចមកជួបជុំ និងអង្គុយលម្ហែនៅតាមឆ្នេរកម្សាន្ត និងតំបន់រមណីដ្ឋាននានា ទាំងដីគោក និងដីកោះ ដើម្បីទស្សនាទេសភាព និងសមិទ្ធផលនានារបស់ខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

ដោយឡែក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏បានលើកឡើងដែរថា រាត្រីឆ្លងឆ្នាំ ២០២៥ ឈានចូល ២០២៦ នៅខេត្តព្រះសីហនុ មានសភាពជាធម្មតា ទោះបីមិនមានការរៀបចំកម្មវិធីកម្សាន្តសប្បាយ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកលក៏ដោយ។ ឥរិយាបថរបស់អ្នកចូលរួមឆ្លងឆ្នាំ មានលក្ខណៈសម្រាកលម្ហែសាមញ្ញ គ្មានការរាំច្រៀង ឬបាញ់កាំជ្រួចដូចឆ្នាំមុនៗទេ ព្រោះពួកគាត់នៅមានការបារម្ភ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ហើយប្រាថ្នាសូមឱ្យកម្ពុជា និងថៃ មានសន្តិភាពជាមួយគ្នា។

ភ្ញៀវទេសចរបានបញ្ជាក់ថា ការមកឆ្លងឆ្នាំនៅឆ្នាំនេះ គឺដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹងពីបញ្ហាព្រំដែន ជាពិសេសការមើលឃើញទិដ្ឋភាពទុក្ខលំបាករបស់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីវីរកងទ័ពកម្ពុជាទាំង ១៨ រូប ត្រូវបានភាគីថៃដោះលែងមកវិញ បានធ្វើឱ្យពួកគាត់មានអារម្មណ៍សប្បាយចិត្តមួយកម្រិត និងមានក្តីសង្ឃឹមថា នៅថ្ងៃខាងមុខ កម្ពុជា និងថៃ នឹងចាប់ដៃគ្នាសហការស្តារចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែល្អប្រសើរឡើងវិញ ហើយឱ្យកម្ពុជាមានសន្តិភាពយូរអង្វែងតទៅមុខទៀតផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…