ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពាណិជ្ជករឥណ្ឌាស្នើបង្កើតមូលនិធិឥណ្ឌា-កម្ពុជាដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីឡើងវិញ

KPS99TV

សេចក្តីសង្ខេប

ប្រធានសមាគមធុរកិច្ចកម្ពុជា-ឥណ្ឌា លោក Kiran Kumar Reddy Churukanti ស្នើបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មី ជានិមិត្តរូបបេតិកភណ្ឌ និងទាក់ទាញទេសចរ។

លោក Kiran Kumar Reddy Churukanti ប្រធានសមាគមធុរកិច្ចកម្ពុជា- ឥណ្ឌា បានបំផុសគំនិតដល់ប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌាឱ្យបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីដ៏ធំនៅលើទឹកដីកម្ពុជាឡើងវិញ បន្ទាប់ពីកងទ័ពថៃបានវាយកម្ទេចទេវរូបព្រះវិស្ណុនៅតំបន់អានសេះ។ ការបំផុសគំនិតកៀរគរបង្កើតមូលនិធិកសាងរូបសំណាកព្រះវិស្ណុថ្មីដ៏ធំនេះឡើង ដើម្បីទុកជានិមិត្តរូបនៃបេតិកភណ្ឌ និងជាការទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

លោកបានថ្លែងនៅលើបណ្តាញសង្គមហេ្វសប៊ុកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ថា ប្រជាជនកម្ពុជាមានការអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់អង្គរវត្ត ដែលជានិមិត្តរូបនៃអរិយធម៌ខ្មែរ ដែលពិភពលោកកោតសរសើរ។ វត្តមានរបស់ព្រះវិស្ណុ ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជា ក៏មាននៅក្នុងអង្គរវត្តជាច្រើនសតវត្សមកហើយដែរ។ សព្វថ្ងៃនេះ កម្ពុជាកំពុងរីកចម្រើនលើវិស័យទេសចរណ៍ ខណៈកម្ពុជានិងឥណ្ឌាក៏មានជើងហោះហើរត្រង់ទៅវិញទៅមកផងដែរ។ ដូច្នេះ លោកបានស្នើឱ្យប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌា ស្ថាបនារូបសំណាកព្រះវិស្ណុឡើងវិញ។ បន្ថែមពីនេះ លោកសង្ឃឹមថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា នឹងរីកចម្រើនកាន់តែរឹងមាំជាមួយគ្នាក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…