ស្ថានការណ៍តាមព្រំដែនបានធូរស្រាល បន្ទាប់ពីកម្ពុជា និងថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ។ ពលរដ្ឋតាមព្រំដែនដែលបានជម្លៀសបន្ទាន់ដោយសារការប្រយុទ្ធ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅឋានជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយ។ ទោះជាយ៉ាងណា តំបន់ខ្លះនៅតែមានហានិភ័យសន្តិសុខ ហើយទីតាំងមួយចំនួននៅតែជាតំបន់ហាមចូល ដោយវិធានការរឹតត្បិតមិនទាន់ត្រូវបានដកចេញទាំងស្រុង។
នៅពេលស្ថានការណ៍កាន់តែមានស្ថិរភាព សាលារៀននៅខេត្តតាមព្រំដែនមួយចំនួនរបស់កម្ពុជាបានចាប់ផ្តើមបើករៀនឡើងវិញជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ។ សាលាដែលធ្លាប់បិទដោយសារជម្លោះបានបើកវិញ បន្ទាប់ពីរៀបចំវិធានការសុវត្ថិភាព រួមទាំងត្រួតពិនិត្យជម្រកការពារការវាយប្រហារតាមអាកាស និងស្តុកសម្ភារៈសង្គ្រោះបន្ទាន់។ ប៉ុន្តែដោយសារគ្រួសារត្រូវជម្លៀស និងកត្តាផ្សេងៗ សិស្សជាច្រើននៅតែមិនអាចត្រឡប់ទៅសាលា។ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ សាលារៀនចំនួន ១៣១១ ក្នុងខេត្តចំនួន៧ គឺព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកោះកុង ត្រូវបានបិទ ដែលប៉ះពាល់ដល់គ្រូបង្រៀន ១៥០៣៤ នាក់ និងសិស្ស ៣២២១០៣ នាក់។







