កម្ពុជា បន្តបង្ហាញជំហររឹងមាំ និងមិនបន្ធូរដៃឡើយក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីការពារសន្តិសុខសង្គម និងកិត្តិយសជាតិ។
នៅព្រឹកថ្ងៃចុងក្រោយនៃខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូ វ៉ាន់ឆឹង (A7) ដែលមានអគារសរុបចំនួន ២២អគារ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយប្រើកម្លាំងជំនាញសរុបប្រមាណ ៧០០នាក់។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ២,០៤៤នាក់ រួមមាន៖ ជនជាតិចិន ១,៧៩២នាក់ វៀតណាម ១៧៧នាក់ មីយ៉ាន់ម៉ា ១៧៩នាក់ ឥណ្ឌា ៣៦នាក់ នេប៉ាល់ ៣០នាក់ ចិនតៃវ៉ាន់ ៥នាក់ ឡាវ ២នាក់ ម៉ាឡេស៊ី ១នាក់ ម៉ិកស៊ិក ១នាក់។
ជាមួយគ្នានេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា លទ្ធផលនៃប្រតិបត្តិការនេះ គឺជាសារបញ្ជាក់យ៉ាងច្បាស់ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយមានក្រសួងមហាផ្ទៃជាសេនាធិការស្នូល មិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនមានឱកាសប្រព្រឹត្តបទល្មើស Online Scams ជាដាច់ខាត។
លោកបានរំលឹកប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថា៖ «កម្ពុជា មិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសទេ ប៉ុន្តែជាឋាននរករបស់ជនល្មើស»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្កើត គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអនុប្រធាន។
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប Online Scams ចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និងបណ្ដេញជនបរទេសចេញពីកម្ពុជា ២,៧២២នាក់។ ឈានចូលដើមឆ្នាំ២០២៦ សមត្ថកិច្ចក៏បានចាប់ខ្លួនមេខ្លោងធំមួយ ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួក បញ្ជូនទៅប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់។
លោក ទូច សុឃៈ បន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយបណ្ដាប្រទេសជាច្រើន ក្នុងនិងក្រៅតំបន់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams ប្រកបដោយប្រសិទ្ធភាព។ លោកក៏បានសង្កត់ធ្ងន់ថា មន្ត្រីណាដែលជាប់ពាក់ព័ន្ធ ឬបណ្ដែតបណ្ដោយឲ្យមានបទល្មើសប្រភេទនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការដកពីមុខតំណែង និងការបណ្ដេញចេញពីក្របខ័ណ្ឌ។ ដោយ៖ KPS99TV
















