រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទុនវិនិយោគរ៉ែនៅកម្ពុជាកើនជិត ៣ពាន់លានដុល្លារ និងបង្កើតការងារជាង១ម៉ឺនកន្លែង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

ទុនវិនិយោគក្នុងវិស័យរ៉ែរបស់ប្រទេសកម្ពុជាមានប្រមាណ ២,៨៩០លានដុល្លារ ដោយបានបង្កើតការងារប្រមាណ១២,១៣០កន្លែង ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ ១១,៥៤៧នាក់ ស្មើនឹង ៩៥ភាគរយ គិតមកដល់ពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល។

យោងតាមលោក អ៊ឹង ឌីប៉ូឡា បានឱ្យដឹងថា  វិស័យរ៉ែនៅកម្ពុជាមានការរីកចម្រើន ដោយសារផលិតផលរ៉ែនាពេលនេះត្រូវបានកែច្នៃចេញពីធនធានរ៉ែដែលមាននៅកម្ពុជា សម្រាប់តម្រូវការទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូល និងបាននាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួនថែមទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០២៣មក កម្ពុជាបានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ងត៍ជាលើកដំបូង។

លោកបានគូសបញ្ជាក់ថា ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពីជាង ១៣លានដុល្លារនៅក្នុងឆ្នាំ២០១៦ ទៅ ១៣៥,៥៥ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។

លោក បានចាត់ទុកផលិតកម្មរ៉ែមាស កំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី ដោយគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោនតាមការដ្ឋានរ៉ែដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និង ខេត្តបាត់ដំបង។

ចំណែក រ៉ែថ្ម និងខ្សាច់សំណង់ បានដើរតួយ៉ាងសំខាន់ ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់តូចធំនានានៅទូទាំងប្រទេស។ គិតចាប់តាំងពីការនាំចេញលើកដំបូងរហូតមកទល់នឹងពេលនេះ ចំណូលពីការនាំចេញខ្សាច់មានចំនួន ១៧៥លានដុល្លារ ខណៈការនាំចេញថ្មអាររបស់កម្ពុជាមានប្រមាណ១៣លានដុល្លារ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…