សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group ដែលបានឧបត្ថម្ភថវិកាចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក (មួយលានប្រាំសែនប្រាំម៉ឺនប្រាំពាន់ប្រាំរយហាសិបប្រាំដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋាន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា និងសម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។
ការចូលរួមឧបត្ថម្ភ និងគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា ពិតជាមានគុណតម្លៃខ្ពស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជន និងអ្នកទទួលផល។ ដោយ៖ ប៉ៃ សុឃីម










