រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រំដួល៖ ពីផ្កាតំណាងជាតិ ទៅជាប្រភពជីវភាពរបស់ប្រជាពលរដ្ឋជុំវិញតំបន់អង្គរ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សៀមរាប៖ ផ្ការំដួល ដែលត្រូវបានកំណត់ជាផ្កាតំណាងអត្តសញ្ញាណជាតិខ្មែរ មិនត្រឹមតែមានតម្លៃផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាប្រភពជីវភាពសំខាន់មួយសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញរមណីយដ្ឋានអង្គរផងដែរ។ នៅរៀងរាល់ឆ្នាំ ក្នុងរដូវផ្ការំដួលរីក ប្រជាពលរដ្ឋមួយចំនួនពឹងផ្អែកលើការបេះ និងក្រងផ្ការំដួលលក់ដល់ភ្ញៀវទេសចរ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ផ្ការំដួលត្រូវបានកំណត់ជាផ្កាតំណាងជាតិ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ផ្កានេះមានពណ៌លឿងស្រស់ និងក្លិនក្រអូបស្រទន់ ជាពិសេសនៅពេលល្ងាច ហើយត្រូវបានភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងវប្បធម៌ និងអរិយធម៌ខ្មែរ។ ទោះជាយ៉ាងណា ពលរដ្ឋមួយចំនួននៅកម្ពុជា នៅតែមិនទាន់បានឃើញដើម ផ្កា ឬផ្លែរបស់រំដួលដោយផ្ទាល់នៅឡើយ។

នៅខេត្តសៀមរាប ដែលជាច្រកទ្វារចូលទៅកាន់តំបន់អង្គរ អត្តសញ្ញាណផ្ការំដួលត្រូវបានលើកកម្ពស់យ៉ាងច្បាស់។ ប្រសិនបើធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ក្រុងសៀមរាប ត្រង់ចំណុចផ្សារស្វាយធំ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង អ្នកដំណើរអាចមើលឃើញរូបសំណាកផ្ការំដួលដ៏ធំមួយនៅរង្វង់មូល ដែលបង្ហាញពីការយកចិត្តទុកដាក់លើការលើកស្ទួយអត្តសញ្ញាណជាតិរបស់អាជ្ញាធរខេត្ត។

នៅអំឡុងខែមីនា ដែលជារដូវផ្ការំដួលរីកស្គុះស្គាយ ក្លិនក្រអូបនៃផ្កានេះមិនត្រឹមតែបង្ហើរតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឃើញមានប្រជាពលរដ្ឋយកផ្ការំដួលមកក្រងជាភួងផ្កា ខ្សែដៃ ឬផ្នួងសក់ ដើម្បីលក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតាមទីតាំងសក្ការៈបូជា ព្រះអង្គចេក និងព្រះអង្គចម។

អ្នកស្រី សួន ណាន ដែលរស់នៅក្រុងរុនតាឯកតេជោសែន និងមានមុខរបរបេះផ្ការំដួលលក់បន្តពីឪពុកម្តាយ បានឱ្យដឹងថា ក្នុងមួយឆ្នាំ ផ្ការំដួលមានត្រឹមតែមួយរដូវប៉ុណ្ណោះ គឺចាប់ពីខែមករា ដល់ខែមីនា ហើយអាចបន្តដល់ក្រោយចូលឆ្នាំខ្មែរ អាស្រ័យលើស្ថានភាពភ្លៀង។ ប្រសិនបើមានភ្លៀងធ្លាក់ច្រើន ផ្ការំដួលនឹងរីកលឿន ប៉ុន្តែក៏អាចអស់រដូវឆាប់ផងដែរ។

អ្នកស្រីបានបន្តថា ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវក្រោកពីម៉ោងប្រមាណ ២ទៀបភ្លឺ ដើម្បីធ្វើដំណើរទៅកាន់ជើងភ្នំគូលែន ហើយឡើងបេះផ្ការំដួលពីដើមឈើធំៗនៅក្នុងព្រៃ មុននឹងយកមកលក់នៅក្នុងក្រុងសៀមរាប។ ទោះបីជាមុខរបរនេះត្រូវប្រឈមនឹងការលំបាកក៏ដោយ ប៉ុន្តែវាអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកស្រីបានជាប្រចាំថ្ងៃ។

ក្នុងមួយថ្ងៃ អ្នកស្រីអាចលក់ផ្ការំដួលដែលបានក្រងរួចប្រហែលពី ៤០ ទៅ ៦០ កម្រង អាស្រ័យលើចំនួនភ្ញៀវទេសចរ។ នៅពេលផុតរដូវផ្ការំដួល អ្នកស្រីក៏បន្តបេះផ្លែរំដួល និងផ្លែឈើព្រៃផ្សេងៗតាមរដូវ ដើម្បីយកមកលក់នៅតំបន់អង្គរផងដែរ។

ដូចគ្នានេះដែរ លោក វាសនា អាយុ ៤១ ឆ្នាំ បានឱ្យដឹងថា ការបេះផ្ការំដួល និងប្រមូលផលផ្លែឈើព្រៃ តាមរដូវកាល គឺជាមុខរបរប្រពៃណីដែលបន្តមកពីដូនតា។ លោកបញ្ជាក់ថា មុខរបរនេះត្រូវការជំនាញក្នុងការឡើងតោងដើមឈើធំៗខ្ពស់ៗ បើគ្មានបទពិសោធន៍មិនអាចធ្វើបានឡើយ។

លោកបន្ថែមថា ផ្ការំដួលមិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកទៅប្រើប្រាស់ជាច្រើនផ្នែកទៀតផង។ សម្រាប់ការក្រងផ្កាជាខ្សែដៃ ឬផ្នួងសក់ ប្រសិនបើអ្នកមានជំនាញ អាចក្រងបានប្រហែល ១០០ ខ្សែក្នុងមួយថ្ងៃ ខណៈតម្លៃលក់ទៅតាមរដូវកាល ដោយនៅដើមរដូវអាចលក់បានតម្លៃខ្ពស់ជាង។

ចំណែកអ្នកស្រី ភួន សារុំ អាយុ ៣៨ ឆ្នាំ ដែលចេះក្រងផ្ការំដួលតាំងពីអាយុ ៨ ឆ្នាំ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ផ្ការំដួលអាចនឹងមានត្រឹមអំឡុងខែមីនាប៉ុណ្ណោះ មិនសូវមានដល់ពេលចូលឆ្នាំខ្មែរដូចឆ្នាំមុនៗឡើយ ដោយសារមានភ្លៀងធ្លាក់ច្រើន។

អ្នកស្រីបានអំពាវនាវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួយគាំទ្រទិញផ្ការំដួល ព្រោះវាមិនត្រឹមជាផ្កាតំណាងជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់អង្គរផងដែរ។

អ្នកស្រី ហាង សុភី ដែលធ្វើដំណើរមកពីស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីមកសក្ការៈបូជានៅទីតាំងព្រះអង្គចេក និងព្រះអង្គចម បានបង្ហាញអារម្មណ៍រីករាយនៅពេលបានឃើញផ្ការំដួលត្រូវបានច្នៃជាភួងផ្កា និងគ្រឿងលម្អយ៉ាងស្រស់ស្អាត។ អ្នកស្រីបានបញ្ជាក់ថា ក្លិនក្រអូបនៃផ្ការំដួល គឺពិសេស និងកម្ររកឃើញនៅទីកន្លែងផ្សេង។

នៅក្នុងរដូវផ្ការំដួលរីក ភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ ឬទៅសក្ការៈបូជានៅទីតាំងព្រះអង្គចេក និងព្រះអង្គចម ក្បែរសួនព្រះរាជដំណាក់ តែងទទួលបានអារម្មណ៍ស្រស់ស្រាយ ដោយសារក្លិនក្រអូបស្រទន់របស់ផ្ការំដួល។

ដើម្បីអភិរក្សផ្កាតំណាងជាតិមួយនេះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ដាំដុះដើមរំដួលឡើងវិញ នៅតាមព្រៃក្នុងឧទ្យានអង្គរ និងទីសាធារណៈមួយចំនួន។

តាមឯកសារស្រាវជ្រាវ ផ្ការំដួលជាធម្មតាចេញផ្កាចាប់ពីខែធ្នូ ដល់ខែមីនា។ ក្រៅពីតម្លៃផ្នែកវប្បធម៌ ផ្កានេះក៏មានគុណប្រយោជន៍ក្នុងឱសថបុរាណផងដែរ ដោយសំបកអាចជួយបំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ និងជាឱសថជំនួយបេះដូង ខណៈកេសរអាចប្រើប្រាស់ជាឱសថជំនួយកម្លាំង និងជំនួយឈាម។

ជាមួយនឹងក្លិនក្រអូបស្រទន់ និងភាពសាមញ្ញរបស់វា បុរាណខ្មែរ តែងយកផ្ការំដួលធ្វើជានិមិត្តរូបតំណាងឱ្យកុលស្ត្រីខ្មែរ ដែលមានអត្តចរិតស្លូតបូត សុភាពរាបសារ និងប្រកបដោយចរិយាសម្បត្តិល្អ។ ដូច្នេះ រំដួលមិនត្រឹមតែជាផ្កាតំណាងជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសនៅតំបន់ជុំវិញអង្គរ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…