រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រាសាទព្រះវិហារ បានរងការខូចខាតចំនួន ៥៦២កន្លែង ដោយសារការបាញ់ប្រហារពីទាហានថៃ ឈ្លានពានប្រទេសកម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បើយោងតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំសម័យពេញអង្គលើកទី១១ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា “ICC Preah Vihear” ដែលកិច្ចប្រជុំនេះបានធ្វើឡើងពេញមួយថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

បើតាមការវាយតម្លៃជាបឋម បានរកឃើញថា ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតចំនួន ៥៦២កន្លែង ដោយសារការបាញ់ប្រហារពីទាហានថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ទាំងពីរលើក កាលពីឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

ក្នុងជម្លោះព្រំដែនដែលបង្កឡើងដោយទាហានថៃទាំង ២លើក កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារ ព្រមទាំងមានផលប៉ះពាល់ដល់សហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ផងដែរ។

នៅក្នុងកិច្ចប្រជុំសម័យពេញអង្គលើកទី១១ របស់ ICC Preah Vihear នេះដែរ ក៏បានពិភាក្សាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្ស និងសង្គ្រោះប្រាសាទព្រះវិហារ រួមមាន៖ ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពក្នុងការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ ការរៀបចំឯកសារវិភាគហានិភ័យលើប្រាសាទព្រះវិហារ និងបរិវេណភ្នំទាំងមូល ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាត និងការចាត់វិធានការសង្គ្រោះបន្ទាន់។

គណៈកម្មាធិការអាយស៊ីស៊ីព្រះវិហារ ក៏បានកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៅសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានេះ គណៈកម្មាធិការ ICC-ព្រះវិហារ ក៏បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានបង្ហាញរបាយការណ៍អំពីលទ្ធផលការងារអភិរក្ស និងការស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានអនុវត្តដោយអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ និងដៃគូសហប្រតិបត្តិការអន្តរជាតិ នៅប្រាសាទក្រចាប់ ប្រាសាទក្រហម ការជួសជុលបដិមាព្រះឥសូររាំ ការស្រាវជ្រាវស្ថានីយ៍ឡបុរាណនៅកោះកេរ និងការសិក្សាអំពីសត្វកណ្តៀរនៅតាមប្រាសាទនានា។

ចំពោះកិច្ចប្រជុំសម័យពេញអង្គលើកទី១១ នេះ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកជំទាវ LI JI កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និងលោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា។ កិច្ចប្រជុំមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន ៥ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងប្រធានលេខាធិការដ្ឋាន អ្នកជំនាញអាដហុក ស្ថាប័នជាតិ និងអន្តរជាតិ ដែលរួមមាន អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ ១៥៨រូប។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…