រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រាជរដ្ឋាភិបាលកាត់បន្ថយអត្រាអាករលើតម្លៃបន្ថែម លើប្រេងឥន្ធនៈដោយបញ្ចុះពី១០%មកនៅត្រឹម៤% ដើម្បីសម្រួលបន្ទុកជីវភាពប្រជាពលរដ្ឋ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការថ្មីមួយក្នុងការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម (VAT) សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបន្ថយអត្រាពន្ធពី ១០% ចុះមកនៅត្រឹម ៤% ខណៈរដ្ឋនឹងទទួលបន្ទុកជំនួសចំនួន ៦%។ វិធានការនេះត្រូវបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ តទៅ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសម្រេចចិត្តនេះមានគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងជួយបន្ថយសម្ពាធចំណាយលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងន័យអនុវត្ត ក្រសួងបានណែនាំឱ្យសហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈ អនុវត្តអត្រា VAT ៤% លើការផ្គត់ផ្គង់ក្នុងស្រុក ដោយមានការរៀបចំវិក្កយបត្រតាមប្រភេទអតិថិជនដូចជា៖

- ចំពោះអតិថិជនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស      ត្រូវចេញវិក្កយបត្រអាករ និងប្ដូរអត្រា VAT ពី ១០% ទៅ ៤%។

- ចំពោះអតិថិជនប្រើប្រាស់ចុងក្រោយ      ត្រូវចេញវិក្កយបត្រធម្មតា ដោយបញ្ចូលអាករតាមអត្រា ៤% ក្នុងតម្លៃលក់សរុប។

ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ថា អាករលើតម្លៃបន្ថែមដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុកសម្រាប់ប្រេងឥន្ធនៈ អាចយកទៅកាត់ជាឥណទានអាករលើធាតុចូលបាន ដោយផ្អែកលើឯកសារផ្លូវការ ដូចជា ប្រតិវេទន៍គយ បង្កាន់ដៃបង់ពន្ធ និងវិក្កយបត្រអាករ ត្រឹមត្រូវ។

ដោយឡែក សម្រាប់ឥណទានអាករលើធាតុចូលផ្សេងៗក្រៅពីប្រេងឥន្ធនៈ នឹងត្រូវអនុវត្តតាមបទប្បញ្ញត្តិ VAT ដែលមានស្រាប់។

បន្ថែមពីនេះ ក្រសួងបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រកាសពន្ធអនឡាញ (e-Filing) ដោយបន្ថែមប្រភេទផ្គត់ផ្គង់ “អតប អត្រា ៤%” ក្នុងបញ្ជីទិនានុប្បវត្តិទិញ-លក់ ដើម្បីធានាការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព និងសមស្របតាមគោលនយោបាយថ្មី៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…