រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ហួត ហាក់ គាំទ្រ កោះទទឹងរីស្សត ខេត្តកោះកុង គឺជាផលិតផលទេសចរណ៍ថ្មី មានតម្លៃខ្ពស់ក្នុងវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សា ដើម្បីពិនិត្យ និងវាយតម្លៃលើការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. នៅលើកោះទទឹង ខេត្តកោះកុង បានលើកឡើងថា កោះទទឹងរីស្សត គឺជាផលិតផលទេសចរណ៍ថ្មីមួយ ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាលជាមួយតំណាង និងបុគ្គលិកក្រុមហ៊ុន ដែលកំពុងបម្រើការនៅលើកោះទទឹងរីស្សត ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលជាក្រុមហ៊ុនខ្មែរ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះទទឹងឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុន បន្តយកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិ ទាំងលើកោះ និងក្នុងទឹក ឱ្យនៅស្រស់ស្អាត និងមាននិរន្តរភាព ដោយអនុវត្តតាមទស្សនៈ «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ និងការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន សិក្សា និងស្នើសុំវិញ្ញាបនបត្រ និងស្តង់ដារសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សណ្ឋាគារបៃតងកម្ពុជា ស្តង់ដាអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន និងម៉ូស្លីម ជាដើម ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះផងដែរ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ដូចជា CATA, CTF និង PATA ត្រូវបានណែនាំឱ្យពិនិត្យលទ្ធភាព ដាក់បញ្ចូលកោះទទឹងក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរកម្រិតខ្ពស់ និងរៀបចំជា FAM Trip។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នកផលិតមាតិកា Influencers និង KOLs ជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយអំពីកោះទទឹងរីស្សត និងតំបន់ទេសចរណ៍ដែលមានសក្ដានុពលផ្សេងៗក្នុងខេត្តកោះកុង ឱ្យកាន់តែទូលំទូលាយ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…