ក្មេងស្រីអាយុទើបតែ៥ឆ្នាំម្នាក់ត្រូវបានជនសង្ស័យចាប់យកទៅជំរិតទារប្រាក់១ម៉ឺនដុល្លារពីឪពុកម្តាយរបស់នាងមិនបានសម្រេច ហើយក្មេងស្រីបានស្លាប់។ នេះជារឿងដែលគួរឱ្យតក់ស្លត់ និងអាណោចអធ័មជាទីបំផុតសម្រាប់គ្រួសារក្មេងស្រីរងគ្រោះ បានកើតឡើងនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា។
ប៉ុន្តែទោះបីជាយ៉ាងណា ជនសង្ស័យមិនបានរួចផុតពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខេត្តកណ្តាលឡើយ ពោលគឺសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ ខណៈសមត្ថកិច្ច បញ្ជាក់ថា នេះជាករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិត)។ មានស្ថានទម្ងន់ទោស ដោយសារជនសង្ស័យ បានផ្ញើសារទៅឪពុកម្តាយកុមារីរងគ្រោះដោយបង្ខំឱ្យពួកគេផ្ញើលុយចំនួន១ម៉ឺនដុល្លារតាមវីងដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់ ជនសង្ស័យ បានគំរាមឱ្យរង់ចាំយកសពកូនស្រីចុះ។ ទន្ទឹមនឹងផ្ញើសារគំរាមដូច្នេះ ជនសង្ស័យ ក៏បានព្រមានឪពុកម្តាយក្មេងស្រីរងគ្រោះកុំឱ្យប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាងទៀតផង។
ក្រោយទទួលបានសារគំរាមពីជនសង្ស័យដូច្នេះ ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌសហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការឈានដល់ការចាប់ខ្លូនជនសង្ស័យ តែជារឿងអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ជនសង្ស័យមានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភានេះ សមត្ថកិច្ចកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត











