ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាទី៣៣៧ ជូនគ្រួសារអតីតយុទ្ធជនពិការក្រីក្រ នៅខេត្តតាកែវ

KPS99TVសរសេរ:ប៉ៃ សុឃីម

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ ផ្ទះ១ខ្នង ជូនលោក ប៉ែវ រ៉ែន អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការជើង និងភរិយាឈ្មោះ ខាត់ ក្តឹប អាយុ៥២ឆ្នាំ ដែលរស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

គ្រួសាររបស់លោក ប៉ែវ រ៉ែន មានកូនចំនួន៨នាក់ ក្នុងនោះកូន៧នាក់បានរៀបការនិងបែកចេញទៅរស់នៅដោយឡែក ខណៈសុទ្ធសឹងមានជីវភាពខ្វះខាត។ បច្ចុប្បន្ន លោក និងភរិយា រស់នៅជាមួយកូនប្រុសពៅអាយុ១៥ឆ្នាំ និងចៅកំព្រាចំនួន៤នាក់ ក្នុងស្ថានភាពជីវភាពលំបាក។

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់គ្រួសារអតីតយុទ្ធជន ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសគ្រួសារអតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

ក្រៅពីផ្ទះថ្មី លោកជំទាវក៏បានផ្តល់ប្រព័ន្ធភ្លើងសូឡា ទាំងខាងក្នុង និងខាងក្រៅផ្ទះ ព្រមទាំងប្រព័ន្ធទឹកស្អាត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់គ្រួសារម្ចាស់ផ្ទះ។

ជាមួយគ្នានេះ លោកជំទាវក៏បាននាំយកអំណោយជាច្រើនពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អង្ករ ១០០គីឡូក្រាម មី ត្រីខ ទឹកដោះគោខាប់ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ក្នុងគ្រួសារ សម្លៀកបំពាក់ ថ្នាំពេទ្យ វិទ្យុ FM និងថវិកាចំនួន ៥០ម៉ឺនរៀល ជូនដល់គ្រួសារទទួលផ្ទះ។

បន្ថែមពីនេះ លោកជំទាវក៏បានចែកជូនអំណោយជាឃីត ដែលមានសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងថវិកា ដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធី ព្រមទាំងប្រគល់កាតាប សម្ភារៈសិក្សា និងសម្លៀកបំពាក់ ជូនសិស្សានុសិស្សចំនួន ១២៥នាក់ នៅក្នុងភូមិ ដើម្បីជាការលើកទឹកចិត្តដល់ការសិក្សារបស់កុមារក្នុងសហគមន៍៕

ដោយ៖ ប៉ៃ សុឃីម