ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ឯកឧត្តម ហួត ហាក់ អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិច សៀមរាប ជំរុញការផ្សារភ្ជាប់វិស័យទេសចរណ៍!

KPS99TV

(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិចក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីដំណើរការផលិត ការរចនាម៉ូដ ការអភិវឌ្ឍផលិតផល ក៏ដូចជាសក្តានុពលនៃសិប្បកម្មសេរ៉ាម៉ិច ក្នុងការចូលរួមបង្កើតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ដែលមានអត្តសញ្ញាណខ្មែរ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សិប្បករ និងអ្នកផលិតក្នុងស្រុក ឱ្យបន្តពង្រឹងគុណភាពផលិតផល បង្កើនភាពច្នៃប្រឌិតក្នុងការរចនា និងអភិវឌ្ឍផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់ទីផ្សារទេសចរណ៍ ខណៈនៅតែរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងស្នាដៃសិល្បៈខ្មែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតបទពិសោធន៍ទេសចរណ៍បែបច្នៃប្រឌិត តាមរយៈការរៀបចំឱ្យភ្ញៀវទេសចរអាចទស្សនាដំណើរការផលិតសេរ៉ាម៉ិច ស្វែងយល់ពីជំនាញសិប្បកម្ម និងចូលរួមសាកល្បងផលិត ឬតុបតែងសេរ៉ាម៉ិចដោយផ្ទាល់ ដែលអាចក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ បង្កើនភាពសម្បូរបែបនៃបទពិសោធន៍ទេសចរណ៍នៅខេត្តសៀមរាប។

សូមជម្រាបថា ដំណើរទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងមានតម្លៃបន្ថែម ព្រមទាំងលើកកម្ពស់ផលិតផល «ផលិតនៅកម្ពុជា» ឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបទពិសោធន៍ធ្វើដំណើររបស់ភ្ញៀវទេសចរ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ភាពធន់ និងចីរភាព៕

ដោយ៖ ធី លីថូ