ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា៖ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជានៅថ្ងៃនោះឱ្យចាត់វិធានការបន្ទាន់ ដើម្បីសម្របសម្រួល និងជួយដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃមកមាតុប្រទេសក្នុងទ្រង់ទ្រាយធំ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖
ដោយប្រឈមនឹងស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងវិលត្រឡប់ពីថៃមកស្រុកកំណើតក្នុងទ្រង់ទ្រាយធំ ព្រមទាំងការភៀសខ្លួនដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួលចាប់តាំងពីការផ្ទុះការប្រយុទ្ធនៅថ្ងៃទី២៤ ខែកក្កដា៖
ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាននៃខេត្តជាប់ព្រំដែនថៃទាំង៧ កំពុងជួយសម្រួលការឆ្លងកាត់ព្រំដែន និងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋវិលត្រឡប់នៅតំបន់ដែលចាំបាច់។
ក្រសួងការពារជាតិ កងទ័ពជើងគោក និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាខេត្តតាមព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំរថយន្តដឹកបងប្អូនប្រជាពលរដ្ឋពីតំបន់ព្រំដែនត្រឡប់ទៅស្រុកកំណើត។
រដ្ឋបាលរាជធានី ខេត្ត កំពុងសម្របសម្រួលជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីជួយទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីថៃឱ្យអស់ពីសមត្ថភាព ដោយបំពេញភារកិច្ចតាមដែនសមត្ថកិច្ចភូមិសាស្ត្ររៀងៗខ្លួន។
ទន្ទឹមនឹងនេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលបង្ខំចិត្តរត់ចេញពីតំបន់ប្រយុទ្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងសហការជាមួយក្រសួង និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីរៀបចំទីជម្រកសុវត្ថិភាព ការស្នាក់នៅ អាហារ និងការថែទាំសុខភាពឱ្យបានសមស្រប។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ក៏កំពុងអនុវត្តវិធានការជាក់ស្តែង ដោយយកចិត្តទុកដាក់ចំពោះជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋវិលត្រឡប់ ក្នុងអំឡុងពេលដ៏លំបាកនេះ។
ខ្ញុំក៏សូមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះវីរកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិ និងជនស៊ីវិលដែលបានបាត់បង់ជីវិតក្នុងជម្លោះ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អង្គភាពកងទ័ព និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស កំពុងសម្របសម្រួលរៀបចំពិធីបុណ្យសពយុទ្ធជនពលី ហើយលើកតម្កើង និងរំលឹកគុណពួកគាត់ជាវីរបុរសជាតិ។
ទន្ទឹមនឹងនេះ ខ្ញុំសូមកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះភាពអង់អាចក្លាហានរបស់កងទ័ព និងនគរបាលជាតិរបស់យើង ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងការពារបូរណភាពទឹកដីជាតិយ៉ាងម៉ឺងម៉ាត់។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបន្តលើកទឹកចិត្ត និងគាំទ្រកងទ័ព និងនគរបាលនៅសមរភូមិមុខ។ សូមបន្តស្មារតីសាមគ្គីភាពក្នុងនាមជាខ្មែររួមគ្នាតែមួយ ដើម្បីរួមការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់យើង។
អ្នកយកព័ត៌មាន៖ Chenda Teyte
អ្នកកែសម្រួល៖ 赵毅







