រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ហ៊ុន ម៉ាណែត ព្រមានមន្ត្រីមូលដ្ឋានថាការឆបោកតាមអនឡាញជាបន្ទាត់ក្រហម និងបន្តបង្ក្រាប

អានអត្ថបទដើម

សេចក្តីសង្ខេប

ថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការឆបោកតាមអនឡាញប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ទេសចរណ៍ និងសន្តិសុខសង្គមកម្ពុជា។ លោកថា មន្ត្រីមូលដ្ឋានដែលបណ្ដែតបណ្ដោយ ការពារ ឬមិនចាត់វិធានការគ្រប់គ្រាន់ នឹងត្រូវទទួលខុសត្រូវតាមច្បាប់។

នៅថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងថា ការឆបោកតាមទូរគមនាគមន៍ និងអនឡាញ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា វិស័យទេសចរណ៍ និងសន្តិសុខសង្គម។ រាជរដ្ឋាភិបាលនឹងបន្តចាត់វិធានការកាន់តែតឹងរ៉ឹង ដើម្បីលុបបំបាត់បទល្មើសទាំងនេះ និងទប់ស្កាត់កុំឱ្យកើតឡើងវិញ។

នៅពិធីសម្ពោធមន្ទីរពេទ្យហ្លួងម៉ែ លោក ហ៊ុន ម៉ាណែត បានប្រៀបធៀបការបង្ក្រាបកន្លងមកទៅនឹងការប្រើ «អាវុធធុនស្រាល» ហើយថាឥឡូវត្រូវប្រើ «កាំភ្លើងធំ» ក្នុងន័យចាត់វិធានការកាន់តែម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ រក្សាសន្តិសុខសង្គម និងស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា។

លោកបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា រាជរដ្ឋាភិបាលបានប្រជុំពិនិត្យមូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ហើយការឆបោកតាមអនឡាញត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយ។ លោកថា ការលុបបំបាត់បទល្មើសនេះអាចប៉ះពាល់ដល់វិស័យមួយចំនួន និងសេដ្ឋកិច្ចមូលដ្ឋានក្នុងរយៈពេលខ្លី ប៉ុន្តែកម្ពុជាត្រូវបន្តអភិវឌ្ឍ«សេដ្ឋកិច្ចស» ដែលស្របច្បាប់ និងមានតម្លាភាព។

លោកក៏បានព្រមានថា ការឆបោកតាមអនឡាញគឺជា «បន្ទាត់ក្រហម» សម្រាប់មន្ត្រីមូលដ្ឋាន។ រាជរដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់ចំពោះមន្ត្រីដែលបណ្តែតបណ្តោយ ជួយលាក់បាំង ឬបង្ក្រាបមិនមានប្រសិទ្ធភាព។ ទាំងអភិបាលខេត្ត ស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ ត្រូវទទួលខុសត្រូវ ប្រសិនបើ «មិនហ៊ានធ្វើ ឬមិនចង់ធ្វើ»។


កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រឆាំងការឆបោកតាមអនឡាញនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ដោយមានតំណាងមកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន។ លោក ហ៊ុន ម៉ាណែត ថាកម្ពុជានឹងបន្តប្រឆាំងបទល្មើសឆ្លងដែននេះ តាមរយៈការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។