កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅនៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ ភាគីទាំងពីរបានពិភាក្សាជុំវិញនីតិវិធីផ្សះផ្សា និងការងារបន្ត ហើយបានឯកភាពគ្នាលើបញ្ហាដូចជា ភារកិច្ចការងារ របៀបធ្វើការ និងការរៀបចំកិច្ចប្រជុំរបស់គណៈកម្មការ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បានថ្លែងនៅពេលវិលត្រឡប់មកដល់ភ្នំពេញ នាយប់ថ្ងៃទី១៦ ខែកញ្ញា ថា កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ ផ្តោតសំខាន់លើបញ្ហានីតិវិធី ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងលក្ខខណ្ឌការងាររបស់គណៈកម្មការ និងបានផ្លាស់ប្តូរយោបល់លើវិធាននីតិវិធី និងការរៀបចំកិច្ចប្រជុំបន្តបន្ទាប់។

លោក ប្រាក់ សុខុន បានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំ មានវគ្គសាធារណៈ និងវគ្គបិទទ្វារ ដែលភាគីកម្ពុជា និងថៃ បានបង្ហាញជំហររៀងៗខ្លួនជូនគណៈកម្មការផ្សះផ្សា។ ភាគីកម្ពុជាបានពន្យល់អំពីមូលហេតុនៃការចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ច និងបានបញ្ជាក់ជាថ្មីនូវការគោរព និងការប្តេជ្ញាចំពោះច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានធ្វើការពន្យល់អំពីប្រវត្តិនៃវិវាទ មូលដ្ឋានច្បាប់ និងគោលដៅនៃការផ្សះផ្សា ហើយក្រុមការងារច្បាប់បានឆ្លើយតបនឹងសំណួររបស់គណៈកម្មការ។
នៅថ្ងៃទីបីនៃកិច្ចប្រជុំ ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីទម្រង់ និងរបៀបវារៈនៃកិច្ចប្រជុំលើកទី២។ កិច្ចប្រជុំលើកទី២ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។

លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំនេះ ភាគីទាំងពីរមិនបានជំទាស់នឹងសេចក្តីព្រាងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការឡើយ ហើយបានបន្តពិភាក្សាលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំប្រាំលើកបន្ទាប់។






