រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជម្លោះព្រំដែនកម្ពុជា-ថៃ!កម្ពុជាសង្ឃឹមថាម៉ាឡេស៊ី អាមេរិក ចិននឹងជួយឱ្យសន្តិភាពវិលមកដូចដើមវិញ

សេចក្តីសង្ខេប

ក្នុងជំនួបជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា បានបង្ហាញក្តីសង្ឃឹមថា ការសម្របសម្រួលរបស់ម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងការចូលរួមរបស់ចិន នឹងជួយស្តារសន្តិភាព។ បទឈប់បាញ់ដែលបានព្រមព្រៀងនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី មានប្រសិទ្ធភាពពីម៉ោង ០០:០០ ថ្ងៃទី២៩ ខែកក្កដា តាមម៉ោងក្នុងស្រុក។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ក្រោមការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នឹងធ្វើឱ្យសន្តិភាពវិលត្រឡប់មកដូចដើមវិញ។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហរបែបនេះនៅថ្ងៃទី២៩ ខែកក្កដា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។ ជំនួបនេះពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកម្ពុជា និងថៃបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។

ទន្ទឹមគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ 

សូមជម្រាបថា កម្ពុជានិងថៃ បានយល់ព្រមលើការឈប់បាញ់គ្នាភ្លាមៗ និងដោយឥតលក្ខខណ្ឌ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាននៅជាប់ព្រំដែន ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក ពោលគឺម៉ោង ០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ក្រោយមានការចរចារនៅប្រទេសម៉ាឡេស៊ី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…